ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកថា អ៊ីរ៉ង់នឹងចាប់ផ្តើមបណ្តុះបណ្តាល កងកម្លាំងរុស្ស៊ីឱ្យប្រើយន្តហោះ គ្មានមនុស្សបើក រាប់រយគ្រឿងនៅខែនេះ

បរទេស៖ កាលពីថ្ងៃចន្ទសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានអះអាងថា ប្រទេសអ៊ីរ៉ង់កំពុងរៀបចំ បញ្ជូនយន្តហោះគ្មានមនុស្សបើក ឬ UAVs ជាច្រើនរយគ្រឿងទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការយោធា របស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន ប៉ុន្តែ អ៊ីរ៉ង់បានច្រានចោលការ អះអាងនេះទាំងស្រុង ហើយរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយ អ្វីឡើយលើសេចក្តីថ្លែងការណ៍នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ទន្ទឹមនឹងនេះ រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូបានប្រកាសថា លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងទៅបំពេញទស្សនកិច្ច នៅរដ្ឋធានីអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី Ebrahim Raisi។

នៅទីនេះ សារព័ត៌មាន RT ពិនិត្យមើលយន្តហោះ គ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដើម្បីមើលថាតើយន្តហោះ គ្មានមនុស្សបើកទាំងនោះ អាចមានប្រយោជន៍សម្រាប់រុស្ស៊ីដែរឬទេ ក្នុងប្រតិបត្តិការពិសេសនៅអ៊ុយក្រែន។ យើងក៏នឹងពន្យល់ផងដែរ ពីមូលហេតុដែលសហរដ្ឋអាមេរិក ព្រួយបារម្ភចំពោះការរំពឹងទុក និងរបៀបដែលការអភិវឌ្ឍន៍នេះ អាចប៉ះពាល់ដល់លទ្ធភាព នៃការដកទណ្ឌកម្មលើអ៊ីរ៉ង់។

លោក Sullivan បានអះអាងថា “ព័ត៌មានរបស់យើងបង្ហាញថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងរៀបចំផ្តល់ឱ្យរុស្ស៊ីនូវ UAVs ជាច្រើនរយគ្រឿង រួមទាំង UAVs ដែលមានសមត្ថភាពបំពាក់សព្វាវុធ តាមពេលវេលាកំណត់ដ៏ឆាប់រហ័ស” ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយជាមួយអ្នកយកព័ត៌មាន អំពីអ៊ុយក្រែន ដូច្នេះ ខណៈពេលដែលវាមិនត្រូវបានគេនិយាយឱ្យច្បាស់លាស់ គេអាចសន្មត់ថា ឥឡូវនេះសហរដ្ឋអាមេរិករំពឹងថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ នឹងឃើញសកម្មភាពនៅអឺរ៉ុបខាងកើត។

លោក Sullivan បាននិយាយថា “វាមិនច្បាស់ទេថាតើអ៊ីរ៉ង់បានបញ្ជូន UAV ទាំងនេះទៅឱ្យរុស្ស៊ីរួចហើយ ឬអត់” ដោយបន្ថែមថាប្រទេសអ៊ីរ៉ង់ នឹងចាប់ផ្តើមបណ្តុះបណ្តាលកងកម្លាំងរុស្ស៊ី ឱ្យប្រើយន្តហោះគ្មាន មនុស្សបើកនៅដើមខែនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top