ព័ត៌មានអន្តរជាតិ

លោក ពូទីន ចាប់ផ្តើមចេញទៅក្រៅប្រទេស ជាលើកទី២ ពិភាក្សាជាមួយមេដឹកនាំអ៊ីរ៉ង់ និងតួកគី

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងទៅដល់ទីក្រុងតេអេរ៉ង់ ប្រទេស អ៊ីរ៉ង់ នៅថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ លោក Ebrahim Raisi និងមេដឹកនាំតួកគី Recep Tayyip Erdogan ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ វានឹងក្លាយជាដំណើរទស្សនកិច្ច នៅបរទេសលើកទីពីររបស់លោក ពូទីន ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ នៅចុងខែមិថុនា លោកពូទីន បានទៅទស្សនកិច្ចនៅប្រទេស Turkmenistan និង ប្រទេស Tajikistan ដើម្បីជួបមេដឹកនាំប្រទេស និងចូលរួមកិច្ចប្រជុំកំពូល Caspian លើកទី ៦ ដែលអ៊ីរ៉ង់ក៏បានចូលរួមផងដែរ។

ការចរចាត្រីភាគីនៅក្នុងរដ្ឋធានីអ៊ីរ៉ង់ នឹងត្រូវធ្វើឡើងជាផ្នែកនៃដំណើរការសន្តិភាព Astana ដែលត្រូវបានចាប់ផ្តើមដោយទីក្រុងមូស្គូ តេហេរ៉ង់ និងអង់ការ៉ា ក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងដើម្បីសម្រេចបាន នូវដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះនៅក្នុងប្រទេសស៊ីរី។

យោងតាមវិមានក្រឹមឡាំង ប្រមុខរដ្ឋទាំង៣ នឹងពិភាក្សាអំពីជំហានដើម្បីលុបបំបាត់ទាំងស្រុង នូវភាពក្តៅគគុកនៃអំពើភេរវកម្មអន្តរជាតិ នៅក្នុងប្រទេស ការសម្របសម្រួល នៃដំណើរការសន្តិភាពអន្តរស៊ីរី និងដំណោះស្រាយ ចំពោះបញ្ហាមនុស្សធម៌ រួមទាំងការកសាងឡើងវិញក្រោយជម្លោះ៕​ ប្រែសម្រួលៈ ណៃ តុលា

To Top