ព័ត៌មានអន្តរជាតិ

រលកកម្តៅ បង្កឲ្យមានភ្លើងឆេះព្រៃ នៅអឺរ៉ុបខាងលិច ខណៈសីតុណ្ហភាពនៅអង់គ្លេស កើនដល់៤០អង្សាសេ

ឡុងដ៍៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ថា រលកកម្តៅដ៏ក្តៅគគុក ដែលបង្កជាភ្លើងឆេះព្រៃដ៏សាហាវនៅអឺរ៉ុបប៉ែកខាងលិច បានជំរុញឱ្យសីតុណ្ហភាព ក្នុងប្រទេសអង់គ្លេស ឡើងដល់៤០អង្សាសេ ជាលើកដំបូងកាលពីថ្ងៃអង្គារ ហើយកំណត់ត្រាកំដៅក្នុងតំបន់ បានធ្លាក់ចុះនៅកន្លែងផ្សេង ។

បន្ទាប់ពីរាត្រីដ៏កក់ក្តៅបំផុតរបស់ចក្រភពអង់គ្លេស ក្នុងកំណត់ត្រា ការិយាល័យឧតុនិយម បានឲ្យដឹងថា កម្រិតខ្ពស់ថ្មីមួយគឺ ៤០,៣អង្សាសេ ត្រូវបានកត់ត្រានៅ Coningsby នៅភាគខាងកើតប្រទេសអង់គ្លេស ។

យ៉ាងហោចណាស់មានទីតាំងចំនួន៣៤ ក្នុងប្រទេសអង់គ្លេស បានបំបែកកំណត់ត្រាពីមុនគឺ៣៨,៧អង្សាសេ ដែលបានកំណត់នៅទីក្រុង Cambridge ភាគខាងកើតប្រទេសអង់គ្លេស ក្នុងឆ្នាំ២០១៩ ។

អ្នកជំនាញបានស្តីបន្ទោសការប្រែប្រួលអាកាសធាតុ ចំពោះការកើនឡើងនៃសីតុណ្ហភាព ហើយបានព្រមានថា អាក្រក់ជាងនេះមិនទាន់មកដល់នៅឡើយទេ ។

លោក Petteri Taalas ប្រធានអង្គការឧតុនិយមពិភពលោក បានប្រាប់ដល់អ្នកយកព័ត៌មាន នៅទីក្រុងហ្សឺណែវថា រលកកម្តៅ “កាន់តែញឹកញាប់ ហើយនិន្នាការអវិជ្ជមាននេះនឹងបន្ត… ។ នៅពេលអនាគត រលកកម្តៅប្រភេទទាំងនេះ នឹងមានលក្ខណៈធម្មតា ហើយយើងនឹងឃើញកម្រិតខ្លាំងជាងនេះទៅទៀត” ។

សីតុណ្ហភាពខ្ពស់បានបង្កឱ្យមាន ការប្រកាសអាសន្នពណ៌ក្រហម ដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសអង់គ្លេសភាគច្រើន ជាកន្លែងដែលខ្សែរថភ្លើងមួយចំនួន ត្រូវបានបិទជាការប្រុងប្រយ័ត្ន ហើយសាលារៀនត្រូវបានបិទ នៅក្នុងតំបន់មួយចំនួន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top