ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃដ៏ធំ កំពុងឆេះរាលដាល នៅជាយក្រុងភាគខាងជើង រដ្ឋធានីអាតែន ប្រទេសក្រិច បង្ខំឲ្យជម្លៀសពលរដ្ឋ ចេញបន្ទាន់

អាតែន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារភ្លើងឆេះព្រៃ ដ៏ធំមួយបានកើតឡើង នៅតំបន់ជាយក្រុងភាគខាងជើង នៃរដ្ឋធានីអាតែន ដោយបានបំផ្លាញផ្ទះសម្បែង និងបង្ខំឱ្យមានការជម្លៀស សហគមន៍ក្នុងតំបន់ ។
លោក Ioannis Artopoios អ្នកនាំពាក្យសេវាអគ្គីភ័យ បានប្រាប់ដល់សន្និសីទ សារព័ត៌មានសង្គ្រោះបន្ទាន់ តាមទូរទស្សន៍ថា “រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលប្រតិបត្តិការ នៃមជ្ឈមណ្ឌលជាតិ សម្រាប់ការថែទាំសង្គ្រោះ បន្ទាន់មិនបានទទួលការហៅ ទូរស័ព្ទសម្រាប់អ្នករងរបួស ឬបញ្ហាផ្លូវដង្ហើមដោយ សារភ្លើងនៅឡើយទេ” ។

លោកបានលើកឡើងថា វាជាថ្ងៃដ៏លំបាកមួយ ខណៈផ្សែងហ៊ុយពេញផ្នែកនៃរដ្ឋធានីក្រិច ។ បន្ទាប់ពីពេលថ្ងៃលិច អណ្តាតភ្លើងភ្លឺច្បាស់ពីកំពង់ផែ Piraeus និងកោះ Evia ។

យោងតាមអ្នកឧតុនិយមក្រិក ខ្យល់បានបោកបក់ខ្លាំងរហូតដល់កម្រិត៨នៅលើមាត្រដ្ឋាន Beaufort បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យ ។

ទូរទស្សន៍ជាតិក្រិច ERT បានរាយការណ៍ថា លើសពីនេះ ភ្លើងកំពុងឆាបឆេះនៅផ្នែកខាងមុខ២ទៀត ។

លោក Artopoios បានប្រកាសថា អ្នកពន្លត់អគ្គីភ័យ សរុបចំនួន៤២០នាក់ យន្តហោះទម្លាក់គ្រាប់បែកទឹក១៥គ្រឿង និងឧទ្ធម្ភាគចក្រចំនួន៩គ្រឿង បានចូលរួមប្រតិបត្តិការ ជួយសង្គ្រោះនេះ ។

ប្រភពពីសេវាពន្លត់អគ្គីភ័យបានឲ្យដឹងថា ប្រជាពលរដ្ឋរាប់ពាន់នាក់ មកពីសហគមន៍ចំនួន ៤នៅជើងភ្នំ Pentelikon ត្រូវបានជម្លៀសចេញ បន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានឆាបឆេះនៅក្នុងអណ្តាតភ្លើង។ ផ្ទះដែលរងការខូចខាត នៅមិនទាន់ដឹងចំនួន ពិតប្រាកដនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top