ព័ត៌មានអន្តរជាតិ

តួគី អះអាងថាអ៊ុយក្រែន និងរុស្សី ត្រៀមចុះហត្ថលេខា លើកិច្ចព្រមព្រៀង នាំចេញធញ្ញជាតិឡើងវិញ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នឹងអាចធ្វើការបន្តនាំចេញ គ្រាប់ធញ្ញជាតិរបស់ខ្លួនឡើងវិញ នៅក្រោយពេលដែលកុងត្រា ជាមួយនឹងរុស្សី ត្រូវបានចុះហត្ថលេខា និងបើកផ្លូវដោយរដ្ឋាភិបាល ទីក្រុងមូស្គូ នៅច្រកសមុទ្រខ្មៅ។

ការបញ្ជាក់អះអាងដែលត្រូវបានធ្វើឡើង ដោយតួគីក្នុងនាម ជាអ្នកសម្រុះសម្រួលកិច្ចការងារនេះ បានបញ្ជាក់ទៀតថាកិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខារវាងអ៊ុយក្រែន និងរុស្សី នៅថ្ងៃសុក្រនេះហើយខណៈដែលពិភពលោក កំពុងប្រឈមមុខទៅនឹងបញ្ហា អត់ឃ្លានកាន់តែខ្លាំងឡើង។

ការលុកលុយរបស់រុស្សី នៅក្នុងប្រទេសអ៊ុយក្រែន បានចាប់ផ្តើមធ្វើឡើងតាំងតែពីថ្ងៃទី២៤ ខែកុម្ភៈ ហើយបច្ចុប្បន្នកំពុងធ្វើឲ្យមនុស្សជាច្រើនលាននាក់ កំពុងរស់នៅក្នុងភាពអត់ឃ្លាន ខ្វះស្បៀងអាហារប្រើប្រាស់គ្រប់គ្រាន់។

ការលុកលុយរបស់រុស្សី បានធ្វើឲ្យតម្លៃអាហារឡើងថ្លៃខ្លាំង ពីព្រោះថាផែនាំចេញទាំងឡាយរបស់អ៊ុយក្រែន ត្រូវបានបិទហើយពេលនេះគិតត្រឹមផែនៅ Odesa ប៉ុណ្ណោះមានធញ្ញជាតិដល់ទៅ២០លានតោន កំពុងស្តុកទុកចោល៕ ប្រែសម្រួល៖ស៊ុនលី

To Top