ព័ត៌មានអន្តរជាតិ

ព្យុះភ្លៀងនៅប៉ាគីស្ថាន បណ្តាលឲ្យស្លាប់មនុស្សអស់ជិត ៣០០នាក់ និងជាង២០០នាក់រងរបួស

អ៊ីស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហៅកាត់ (NDMA) បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៨២នាក់បានស្លាប់ និង២១១នាក់ផ្សេងទៀត បានរងរបួសនៅក្នុងឧប្បត្តិហេតុ ទាក់ទងនឹងភ្លៀងធ្លាក់ដាច់ដោយឡែក ពីគ្នានៅក្នុងប្រទេសប៉ាគីស្ថាន ចាប់តាំងពីថ្ងៃទី១៤ ខែមិថុនារហូតមកដល់បច្ចុប្បន្ននេះ ខណៈដែលភ្លៀងធ្លាក់ខ្លាំង បានបន្តវាយប្រហារប្រទេសនេះ ។

អាជ្ញាធរ NDMA បានឲ្យដឹងនៅក្នុងរបាយការណ៍ ស្ថានភាពមួយដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ដោយបន្ថែមថា ស្ត្រី និងកុមារសរុបចំនួន ១៦០នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ ដោយបន្ថែមថា ភ្លៀងបានធ្វើឱ្យខូចខាតផ្នែកខ្លះ ឬទាំងស្រុងផ្ទះជាង៥.៥០០ខ្នង ស្ពាន និងហាងជាច្រើននៅទូទាំងប្រទេស ។

ការខូចខាត និងស្លាប់បាត់បង់ជីវិតភាគច្រើន ត្រូវបានរាយការណ៍ពីខេត្ត Balochistan ភាគនិរតីរបស់ប្រទេស ដែលមនុស្ស ៨៨នាក់បានស្លាប់ និង៦២នាក់ផ្សេងទៀត បានរងរបួសដោយសារភ្លៀងមូសុង ដែលបង្កឱ្យមានទឹកជំនន់ភ្លាមៗ បន្ទាប់មកខេត្ត Sindh ភាគខាងត្បូង ដែលបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន៦៧នាក់ ។ នេះបើយោងតាម NDMA បានឲ្យដឹងដូច្នេះ ។

NDMA បានបញ្ជាក់ថា មនុស្សសរុបចំនួន ៥៧នាក់ ត្រូវបានសម្លាប់នៅក្នុងខេត្ត Punjab ភាគខាងកើត ៥៦នាក់ នៅភាគពាយព្យនៃខេត្ត Khyber Pakhtunkhwa និង១៤នាក់ នៅផ្នែកផ្សេងទៀតនៃប្រទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top