ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញឲ្យអាមេរិក បញ្ឈប់ការទាមទារហួសហេតុ អំពីការឈានដល់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានជំរុញឱ្យអាមេរិក បញ្ឈប់ “ការទាមទារហួសហេតុ” អំពីការឈានដល់កិច្ចព្រមព្រៀងមួយ នៅក្នុងកិច្ចពិភាក្សាស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីកាតារបស់លោក Mohammed bin Abdulrahman Al-Thani លោក Amir-Abdollahian ក៏បានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការឈានដល់កិច្ចព្រមព្រៀង “ល្អ រឹងមាំ និងយូរអង្វែង” នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ។

នៅក្នុងការហៅទូរស័ព្ទដាច់ ដោយឡែកមួយជាមួយលោក Josep Borrell ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបកាលពីយប់ថ្ងៃច័ន្ទ លោក Amir-Abdollahian បានជំរុញឱ្យសេតវិមាន បញ្ឈប់ “ការដាក់សម្ពាធ និងការដាក់ទណ្ឌកម្មជាឥទ្ធិពល” នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ។

ទាំងលោក Al-Thani និងលោក Borrell បានសម្តែងការយោគយល់ អំពីកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ក្នុងការឈានដល់កិច្ចព្រមព្រៀងចុងក្រោយ នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយ រួមជាមួយនឹងមហាអំណាច ពិភពលោកកាលពីខែកក្កដា២០១៥ ដោយយល់ព្រមទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរ នឹងការដកទណ្ឌកម្មលើប្រទេសនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងក្នុងខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្ម ឯកតោភាគីឡើងវិញ លើទីក្រុងតេអេរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយទម្លាក់ការប្តេជ្ញាចិត្ត មួយចំនួននៅក្រោមកតិកាសញ្ញានេះ។

កិច្ចពិភាក្សាស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ នៅទីក្រុងវីយែន ប៉ុន្តែត្រូវបានផ្អាកនៅក្នុងខែមីនាឆ្នាំនេះ ដោយសារតែភាពខុសគ្នាខាង នយោបាយរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top