ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់បញ្ជាក់ថា អាមេរិក គឺជាឧបសគ្គចម្បងបំផុត សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាឧបសគ្គចម្បងក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀង ដែលនឹងជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។

អ្នកនាំពាក្យលោក Nasser Kanaani បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា “ការនិយាយមិនពិតរវាង JCPOA (ដែលអ៊ីរ៉ង់ មិនដូចសហរដ្ឋអាមេរិក នៅតែជាភាគី) និងទំនាក់ទំនងល្អរវាងអ៊ីរ៉ង់ និងប្រទេសជិតខាងរបស់ខ្លួន រួមទាំងរុស្ស៊ី មិនបានលាក់បាំងការពិតថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលមិនស្មោះត្រង់ គឺជាឧបសគ្គចម្បង សម្រាប់កិច្ចព្រមព្រៀងនោះទេ” ។

លោកបានលើកឡើងដោយយោងទៅនឹងបទសម្ភាសន៍នាពេលថ្មីៗនេះដោយ CNN ជាមួយលោក Robert Malley បេសកជនពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ីរ៉ង់ ដែលបានលើកឡើងថា អ៊ីរ៉ង់ត្រូវតែជ្រើសរើសរវាងការរស់ឡើងវិញនៃ JCPOA និងផ្នែកខាងភាគីរុស្ស៊ី។

ក្នុងអំឡុងដំណើរទស្សនកិច្ចកាលពីថ្ងៃអង្គាររបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់រដ្ឋធានីតេអេរ៉ង់ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍន៍វិស័យឧស្ម័ន និងប្រេងរបស់ប្រទេសអ៊ីរ៉ង់ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន Gazprom ដែលជាកម្មសិទ្ធិរបស់រុស្ស៊ី។

គួរបញ្ជាក់ថា អ៊ីរ៉ង់ និងរុស្ស៊ី ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងពីសំណាក់លោកខាងលិច អតីតបញ្ហាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងចុងក្រោយជុំវិញជម្លោះអ៊ុយក្រែន៕ប្រែសម្រួល ឈូក បូរ៉ា

To Top