ព័ត៌មានអន្តរជាតិ

Update ៖ បារាំង ប្រកាសថា នឹងបើកមជ្ឈមណ្ឌល ចាក់ថ្នាំបង្ការជំងឺអុតស្វា

ប៉ារីស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក Francois Braun បានប្រកាសនៅថ្ងៃចន្ទថា មជ្ឈមណ្ឌលចាក់ថ្នាំបង្ការជំងឺអុតស្វា ដែលមានសមត្ថភាពខ្ពស់ នឹងបើកជាសាធារណៈ ចាប់ពីថ្ងៃអង្គារ នៅក្នុងទីក្រុងប៉ារីស ។

យោងតាមសុខភាព សាធារណៈប្រទេសបារាំង តំបន់រដ្ឋធានីបានកត់ត្រា ករណីជំងឺអុតស្វាចំនួន៧២៦ករណី ដែលស្ទើរតែពាក់កណ្តាល នៃករណី១.៥៦៧ ដែលបានបញ្ជាក់នៅក្នុងប្រទេសបារាំង កាលពីសប្តាហ៍មុន ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ចំនួនករណីដែលត្រូវបានបញ្ជាក់ឥឡូវនេះមានចំនួនជាង១.៧០០ហើយ ។

រដ្ឋមន្ត្រី Braun បានសង្កត់ធ្ងន់ថា ប្រទេសនេះបាន “ប្រតិកម្មភ្លាមៗ” ចំពោះការកើនឡើង នៃករណីជំងឺអុតស្វា ដោយបានលើកឡើងទៀតថា “រហូតមកដល់សព្វថ្ងៃនេះ មានមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ជាង១០០កន្លែងហើយ” ។

អង្គការសុខភាពពិភពលោក បានប្រកាសពីការ ផ្ទុះជំងឺអុតស្វា ដោយដាក់ជំងឺនេះស្ថិត ក្នុងគ្រាអាសន្នលើផ្នែកសុខភាព សាធារណៈដែលជាក្តីបារម្ភជាអន្តរជាតិ ចាប់ពីថ្ងៃទី២៣ កក្កដា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top