ព័ត៌មានអន្តរជាតិ

សភាស្រីលង្កា បោះឆ្នោតឱ្យបន្តដាក់រដ្ឋ ក្នុងគ្រាអាសន្ន

កូឡុំបូ៖ សភារបស់ប្រទេសស្រីលង្កានៅថ្ងៃពុធនេះ បានបោះឆ្នោតអនុម័តលើការប្រកាស ដាក់ប្រទេសក្នុងភាពអាសន្ន កាលពីដើមខែកក្កដា ដោយប្រធានាធិបតីស្តីទីលោក Ranil Wickremesinghe ដែលអនុញ្ញាតឱ្យបន្ដភាពអាសន្ន។

នៅក្នុងការបោះឆ្នោតនោះ សមាជិកសភាចំនួន ១២០នាក់បានបោះឆ្នោត សម្រាប់ការដាក់បទបញ្ជាបន្ទាន់ ហើយ ៦៣សំឡេង បានបោះឆ្នោតជំទាស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ភាពអាសន្នត្រូវបានប្រកាសដោយ Wickremesinghe ចាប់ពីថ្ងៃទី១៨ ខែកក្កដា ក្រោមបទប្បញ្ញត្តិសន្តិសុខសាធារណៈ ដើម្បីផលប្រយោជន៍សន្តិសុខសាធារណៈ ការការពារសណ្តាប់ធ្នាប់សាធារណៈ និងការថែរក្សាការផ្គត់ផ្គង់ និងសេវាកម្មចាំបាច់ សម្រាប់ជីវិតសហគមន៍។

យោងតាមបទប្បញ្ញត្តិច្បាប់ ប្រសិនបើការអនុម័តរបស់សភា មិនត្រូវបានទទួលក្នុងរយៈពេល ១៤ ថ្ងៃនៃថ្ងៃប្រកាសនោះ នឹងត្រូវផុតកំណត់។ លោក Wickremesinghe ត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានាធិបតីនៃប្រទេសអាស៊ីខាងត្បូង នៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី២០ ខែកក្កដា ហើយបានស្បថមួយថ្ងៃបន្ទាប់ពីនោះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top