ព័ត៌មានអន្តរជាតិ

G-7 ថ្កោលទោសការ ប្រហារជីវិត របស់របបយោធា មីយ៉ាន់ម៉ា ថាជាការមើលងាយ លទ្ធិប្រជាធិបតេយ្យ

តូក្យូ៖ ក្រុមប្រទេសទាំងប្រាំពីរ G-7 កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះរដ្ឋាភិបាល យោធាមីយ៉ាន់ម៉ា ចំពោះការប្រហារជីវិត សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានប្រកាស កាលពីដើមសប្តាហ៍នេះ ដោយថាវាឆ្លុះបញ្ចាំងពី “ការមើលងាយ” ចំពោះបំណងប្រាថ្នា របស់ប្រជាជនមីយ៉ាន់ម៉ា សម្រាប់លទ្ធិប្រជាធិបតេយ្យ ។

រដ្ឋមន្ត្រីការបរទេស នៃប្រទេស G-7 បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា “ការប្រហារជីវិតទាំងនេះ ជាលើកដំបូងក្នុងប្រទេស មីយ៉ាន់ម៉ាក្នុងរយៈពេលជាង ៣០ឆ្នាំ និងអវត្តមាននៃការកាត់ក្តីដោយយុត្តិធម៌ បង្ហាញពីការមើលងាយ របស់របបយោធា ចំពោះសេចក្តីប្រាថ្នាលទ្ធិប្រជាធិបតេយ្យ ដែលមិនផ្លាស់ប្តូរ របស់ប្រជាជនមីយ៉ាន់ម៉ា” ។

កាលពីថ្ងៃច័ន្ទ របបយោធាបានឲ្យដឹងថា ខ្លួនបានប្រហារជីវិតលោក Phyo Zeyar Thaw អតីតតំណាងរាស្រ្តគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ និងលោក Kyaw Min Yu សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោ ដែលត្រូវបានគេ ស្គាល់ជាទូទៅថា Jimmy រួមជាមួយនឹងឃាតក ជាប់ចោទពីរនាក់ផ្សេងទៀត ។

អ្នកការទូតកំពូលរបស់ G-7 បានរំលឹកឡើងវិញនូវការថ្កោលទោស របស់ពួកគេ “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” នៃរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ២០២១ ដោយអំពាវនាវឱ្យរបបយោធា “បដិសេធការប្រហារជីវិត ដោយបំពានបន្ថែមទៀត” និង “ប្រគល់ប្រទេសទៅកាន់ផ្លូវប្រជាធិបតេយ្យវិញ” ។

រដ្ឋមន្ត្រីការបរទេស ក៏បានប្តេជ្ញាបន្តគាំទ្រ កិច្ចខិតខំប្រឹងប្រែងរបស់សមាគម ប្រជាជាតិ អាស៊ីអាគ្នេយ៍ឆ្ពោះទៅរក ដំណោះស្រាយ ដោយសន្តិវិធីនៃស្ថានភាពមីយ៉ាន់ម៉ាក្រោម “ការឯកភាព ៥ចំណុច” ដែលបានព្រមព្រៀងដោយមេដឹកនាំអាស៊ាន កាលពីខែមេសាឆ្នាំមុន រួមទាំងការអំពាវនាវ ឱ្យបញ្ឈប់ជាបន្ទាន់ចំពោះអំពើហិង្សា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top