ព័ត៌មានអន្តរជាតិ

ហ្វីលីពីន រកឃើញអ្នកឆ្លងជំងឺអុតស្វា ១ករណីជាលើកដំបូង និងអ្នកប៉ះពាល់ផ្សេងទៀត១០នាក់

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ មន្ត្រីក្រសួងសុខាភិបាល ប្រទេសហ្វីលីពីន បានរាយការណ៍ករណីដំបូង របស់ខ្លួន នៃមេរោគជំងឺអុតស្វា ដែលបានរកឃើញនៅក្នុងខ្លួន ពលរដ្ឋម្នាក់ ដែលបានត្រឡប់មកពីបរទេសកាលពីដើមខែនេះ ។

អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល Beverly Ho បានលើកឡើងថា បុរសអាយុ ៣១ឆ្នាំរូបនេះបានជាសះស្បើយហើយ ប៉ុន្តែត្រូវបានគេដាក់ឱ្យនៅដាច់ ដោយឡែកពីគេនៅផ្ទះ ខណៈដែលមនុស្ស១០នាក់ ដែលត្រូវបាន គេកំណត់ថា ជាមនុស្សជិតស្និទ្ធ រួមទាំង៣នាក់មកពីគ្រួសារ របស់អ្នកជំងឺត្រូវបានបញ្ជា ឱ្យនៅដាច់ដោយឡែក ។

លោក Ho បានលើកឡើង ដោយមិនបានបញ្ជាក់លម្អិតថា បុគ្គលនោះធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសដែលមានឯកសារករណីជំងឺអុតស្វា ។

នៅជុំវិញប្រទេសចំនួន៧០ ដែលជំងឺអុតស្វា មិនមែនជាជំងឺរាតត្បាតបាន រាយការណ៍ពីការផ្ទុះឡើងនៃមេរោគនេះ ខណៈដែលករណីដែលបានបញ្ជាក់ បានឆ្លងដល់ទៅ២០.៣០០នាក់ ហើយអង្គការសុខភាពពិភពលោក បានប្រកាសការផ្ទុះឡើងនូវភាពអាសន្ន សុខភាពជាសកល ។

លោក Ho បានបញ្ជាក់ថា ករណីហ្វីលីពីនត្រូវបានបញ្ជាក់វិជ្ជមាន កាលពីថ្ងៃព្រហស្បតិ៍ ហើយទំនាក់ទំនងជិតស្និទ្ធមិនបានបង្ហាញ រោគសញ្ញាណាមួយឡើយ ។

ការឆ្លងអាចកើតមានឡើង តាមរយៈការប៉ះពាល់ជាមួយដំបៅស្បែក ដែលបណ្តាលមកពីមេរោគ ក៏ដូចជាសារធាតុរាវក្នុងខ្លួន ដំណក់ទឹកផ្លូវដង្ហើមធំ និងក្រណាត់គ្រែដែលមានមេរោគ ។

លោក Ho បានប្រាប់ដល់ សន្និសីទខ្លីមួយថា “ប្រព័ន្ធ (ការឃ្លាំមើលសុខភាពសាធារណៈ) របស់យើងគឺនៅនឹងកន្លែង។ ប៉ុន្តែយើងទាំងអស់គ្នាត្រូវ ធ្វើការជាមួយគ្នា។ យើងក៏ត្រូវការសាធារណជន ឱ្យមានការប្រុងប្រយ័ត្នផងដែរ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top