ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន៖ ស្វាគមន៍ការបើកកប៉ាល់ទី១ ចេញពីកំពង់ផែ Odesa របស់អ៊ុយក្រែនក្រោម កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ

យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានស្វាគមន៍នាវាពាណិជ្ជកម្មដំបូងដែលធ្វើដំណើរពីកំពង់ផែ Odesa របស់អ៊ុយក្រែន ក្រោមគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគី។

កប៉ាល់ដឹកទំនិញដែលផ្ទុកពោតច្រើនជាង ២៦០០០តោនគួរតែមកដល់ទីតាំងត្រួតពិនិត្យ នៅក្នុងដែនទឹកទួរគីនៅថ្ងៃអង្គារ។ លោក Guterres បានលើកឡើងថា បន្ទាប់ពីការត្រួតពិនិត្យ វានឹងបន្តទៅកាន់គោលដៅ ចុងក្រោយរបស់ខ្លួននៅទីក្រុងទ្រីប៉ូលី ប្រទេសលីបង់។

លោកបានប្រាប់អ្នកយកព័ត៌មានថា “កប៉ាល់នេះឈ្មោះ Merchant Vessel Razoni ផ្ទុកដោយទំនិញពីរមុខដែលខ្វះខាត គឺពោត និងទំនិញនៃក្តីសង្ឃឹម ។ វាមានន័យថា ក្ដីសង្ឃឹមសម្រាប់មនុស្សរាប់លាននាក់ ជុំវិញពិភពលោក ដែលពឹងផ្អែកលើដំណើរការរលូន នៃកំពង់ផែអ៊ុយក្រែន ដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគេ” ។

ការចាកចេញរបស់កប៉ាល់ គឺជាលទ្ធផលជាក់ស្តែងដំបូងនៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។ លោក Guterres បានលើកឡើងថា “ការចាកចេញថ្ងៃនេះ គឺជាសមិទ្ធផលរួមដ៏ធំសម្បើមមួយ ដោយមជ្ឈមណ្ឌលសម្របសម្រួលរួម ដែលបានបង្កើតឡើងកាលពីសប្តាហ៍មុន នៅទីក្រុងអ៊ីស្តង់ប៊ុល ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ ដោយមានតំណាងមកពីប្រទេសអ៊ុយក្រែន រុស្ស៊ី និងតួកគី”។

ផ្ទាំងពាណិជ្ជកម្ម

គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលចុះហត្ថលេខាដោយរុស្ស៊ី និងអ៊ុយក្រែនជាមួយតួកគី ក្រោមអង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែកក្កដា នឹងអនុញ្ញាតឱ្យមានការនាំចេញអាហារ និងជីយ៉ាងច្រើនពីកំពង់ផែសំខាន់ៗចំនួនបីរបស់អ៊ុយក្រែន នៅក្នុងសមុទ្រខ្មៅគឺ Odesa, Chernomorsk និង Yuzhny ។

កិច្ចព្រមព្រៀងនេះមាន គោលបំណងធានាការឆ្លងកាត់ប្រកបដោយសុវត្ថិភាព សម្រាប់កប៉ាល់ដឹកគ្រាប់ធញ្ញជាតិទៅកាន់ទីផ្សារពិភពលោក ចំពេលមានការព្រួយបារម្ភអំពីកង្វះខាតស្បៀងអាហារ ដោយសារវិបត្តិអូសបន្លាយក្នុងប្រទេសអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top