ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជាក់ថា រដ្ឋតិចសាស់ មានអ្នកឆ្លងជំងឺអុតស្វា លើសពី៤៥០នាក់

ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ថា យោងទៅតាមក្រសួងសុខភាព របស់រដ្ឋបានឱ្យដឹងថា មានករណីជំងឺអុតស្វា លើសពី៤៥០ករណី ត្រូវបានបញ្ជាក់គិតត្រឹមថ្ងៃអង្គារ នៅក្នុងរដ្ឋតិចសាស់ ដែលជារដ្ឋដែលមានប្រជាជនច្រើនជាងគេទី២ នៅសហរដ្ឋអាមេរិក ។

ទិន្នន័យចុងក្រោយបំផុត ពីនាយកដ្ឋានសេវាសុខភាព រដ្ឋបានបង្ហាញថា ក្នុងចំណោមពលរដ្ឋតិចសាស់ ចំនួន៤៥៤នាក់ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺអុតស្វា មាន៧នាក់ជាស្ត្រី ហើយអ្នកផ្សេងទៀតគឺជាបុរស ។

ផ្ទាំងពាណិជ្ជកម្ម

ប្រហែលពាក់កណ្តាល នៃករណីត្រូវបានរាយការណ៍ នៅរដ្ឋតិចសាស់ខាងជើង ជាកន្លែងដែលករណីជំងឺអុតស្វា កើនឡើងទ្វេដងក្នុងសប្តាហ៍នេះ ។ នេះបើយោងតាមទិន្នន័យ បានបង្ហាញឲ្យដឹង ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា មានករណីជំងឺអុតស្វា លើសពី៦.៣០០ករណី ត្រូវបានរាយការណ៍ នៅក្នុងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃអង្គារ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top