បរទេស ៖ នាយករដ្ឋមន្ត្រីនៃប្រទេស អ៊ីតាលី លោក Mario Draghi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសក្នុងការបញ្ចេញជំនួយជាថវិកា ប្រមាណជា១៧ពាន់លានអឺរ៉ូ ឬត្រូវជា១៧,៣ពាន់លានដុល្លារ អាមេរិក ក្នុងផែនការ ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹង ការកើនឡើង នៃវិបត្តិអតិផរណាផង និងដើម្បីជួយគាំទ្រ ដល់កិច្ចការងារសង្គ្រោះបញ្ហា គ្រោះរាំងស្ងួត នៅក្នុងប្រទេសផង ។
លោក Draghi ក៏បានប្រកាសទៀតដែរថា គណៈរដ្ឋមន្ត្រី ទើបតែបានឈាន ទៅដល់ការអនុម័តកញ្ចប់ជំនួយ ទាំងនេះពោលគឺ ស្ថិតនៅក្រោយការ ស្នើសុំលាលែង ចេញពីតំណែងរបស់លោកតាំង តែពីថ្ងៃទី២១ខែកក្កដា កន្លងមក ខណៈដែលគាត់បាន យល់ព្រមនឹង
បន្តធ្វើការរហូតដល់មាន ការបោះឆ្នោតជ្រើសបាននាយករដ្ឋមន្ត្រីថ្មី នាថ្ងៃទី២៥ខែកញ្ញាខាងមុខ ។
គួរឲ្យដឹងដែរថា កាលពីដើមឆ្នាំកន្លងមក អ៊ីតាលីបានប្រកាសបញ្ចេញ ជំនួយប្រមាណជា៣៥ពាន់លានអឺរ៉ូម្តង ហើយដើម្បីជួយដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិ ដែលកញ្ចប់ប្រាក់ថវិកា ទាំងពីរនេះ គឺមានទំហំស្មើទៅនឹង២ភាគរយ នៃផលិតផលក្នុងស្រុក សរុបរបស់ប្រទេស៕
ប្រែសម្រួល៖ស៊ុនលី