ព័ត៌មានអន្តរជាតិ

ការចរចានុយក្លេអ៊ែរ បន្តជាថ្មីនៅ ក្រុងវីយែន បន្ទាប់ពីបានផ្អាក រយៈពេល៥ខែ

វីយែន៖ កិច្ចចរចាថ្មីមួយស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក បានចាប់ផ្តើមនៅទីក្រុងវីយែន កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីការផ្អាក រយៈពេល ១៥០ថ្ងៃ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ។

ក្រុមចរចាអ៊ីរ៉ង់ដឹកនាំដោយ ប្រធានអ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់លោក Ali Bagheri Kani បានជួបជាមួយគណៈប្រតិភូរុស្ស៊ី ដឹកនាំដោយលោក Mikhail Ulyanov តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ី ប្រចាំអង្គការអន្តរជាតិ នៅទីក្រុងវីយែន និងជាប្រធានអ្នកចរចា នៃកិច្ចចរចាក្រុងវីយែន។

លោក Ulyanov បានសរសេរបន្ទាប់ពីកិច្ចប្រជុំនេះថា ភាគីទាំងពីរមាន “ការផ្លាស់ប្តូរទស្សនៈដោយស្មោះត្រង់ ប្រកបដោយប្រសិទ្ធភាព និងស្ថាបនាលើមធ្យោបាយ និងមធ្យោបាយ នៃការជម្នះបញ្ហាលេចធ្លោចុងក្រោយ” ។

លោក Bagheri Kani ក៏បានជួបជាមួយលោក Enrique Mora ប្រធានអ្នកសម្របសម្រួលសហភាពអឺរ៉ុប សម្រាប់កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ និងអគ្គលេខាធិការ នៃក្រសួងការបរទេសអូទ្រីស Peter Launsky-Tieffenthal រៀងៗខ្លួន។

ផ្ទាំងពាណិជ្ជកម្ម

ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្ម លើប្រទេសនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង និងបានដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញ លើទីក្រុងតេអេរ៉ង់ ដោយជំរុញឱ្យភាគីចុងក្រោយ ទម្លាក់ការប្តេជ្ញាចិត្តមួយចំនួន នៅក្រោមកតិកាសញ្ញានេះ។

កិច្ចពិភាក្សាស្តីពីការរស់ឡើងវិញនៃ JCPOA បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ នៅក្នុងរដ្ឋធានីវីយែនរបស់អូទ្រីស ប៉ុន្តែត្រូវបានផ្អាកនៅក្នុងខែមីនាឆ្នាំនេះ ដោយសារតែភាពខុសគ្នាខាងនយោបាយ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top