ព័ត៌មានអន្តរជាតិ

អ្នកការទូតកំពូលចិន បដិសេធយ៉ាងម៉ឺងម៉ាត់ នូវសេចក្តីថ្លែងការណ៍របស់ G7 ស្តីពីកោះតៃវ៉ាន់

ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីថ្លែងការណ៍ ទាក់ទងនឹងកោះតៃវ៉ាន់ ដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសទាំងប្រាំពីរ (G7)។

លោក Wang បានឲ្យដឹងនៅក្រៅកិច្ចប្រជុំ របស់រដ្ឋមន្ត្រីការបរទេស ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាថា វាគឺជាសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមបញ្ហា បង្កើតវិបត្តិ និងបន្តបង្កើនភាពតានតឹង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានចោទសួរថា “ការញុះញង់ដោយអាមេរិក បានកំណត់នូវគំរូដ៏ធ្ងន់ធ្ងរមួយ។ ប្រសិនបើមិនត្រូវបានកែតម្រូវ និងប្រឆាំង តើគោលការណ៍មិនជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងនៅតែមានទេ?” ។ លោកបានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍ របស់រដ្ឋមន្ត្រីការបរទេស G7 បំភ្លៃការពិត និងបំភាន់ភ្នែកត្រូវ និងខុស។

លោកបានសួរទៀតថា “តើពួកគេទទួលបានសិទ្ធិក្នុងការរិះគន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ពីវិធានការសមហេតុផល និងស្របច្បាប់របស់ប្រទេសចិន សម្រាប់ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួននៅឯណា?។

ដោយកត់សម្គាល់ថា អំពើខុសឆ្គងរបស់ G7 បានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំង ក្នុងចំណោមប្រជាជនចិន លោក Wang Yi បានលើកឡើងថា អធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសចិន និងប្រទេសដទៃទៀត គឺទទួលបានតាមរយៈការប្រយុទ្ធបង្ហូរឈាម ដែលប្រយុទ្ធដោយប្រជាជន ហើយមិនគួរត្រូវបានរំលោភបំពាន ម្តងទៀតឡើយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top