ព័ត៌មានអន្តរជាតិ

News Update ៖ កោះតៃវ៉ាន់ ថ្កោលទោសទៅលើចិន ក្រោយបាញ់មីស៊ីល ផ្លោងជាច្រើនគ្រាប់ ចូលក្នុងដែនទឹកជុំវិញ បរិវេណកោះរបស់ខ្លួន

តៃប៉ិ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះ កោះតៃវ៉ាន់បានថ្កោលទោស “អ្នកជិតខាងដ៏អាក្រក់” របស់ខ្លួន បន្ទាប់ពីចិន បានបាញ់មីស៊ីល ជាច្រើនគ្រាប់ចូលទៅក្នុង ដែន ទឹកជុំវិញខ្លួន ដែលចំនួន៤គ្រាប់ បានហោះពីលើរដ្ឋធានីតៃប៉ិ របស់កោះនេះ ដែលជាករណីមិនធ្លាប់កើតមាន ពីមុនមកនោះទេ នៅក្នុងអំឡុង ពេលសមយុទ្ធបាញ់គ្រាប់ពិត ។

នៅក្នុងអំឡុងពេលសមយុទ្ធយោធា កាលពីថ្ងៃព្រហស្បតិ៍ ដែលបានបន្តមកដល់ថ្ងៃសុក្រនេះ ប្រទេសចិន បានបាញ់មីស៊ីលផ្លោង និងដាក់ពង្រាយទាំងយន្តហោះចម្បាំង និងនាវាចម្បាំងនៅជុំវិញដែន កោះតៃវ៉ាន់ ។

កងទ័ពរំដោះប្រជាជន បានប្រកាសតំបន់គ្រោះថ្នាក់ ជាច្រើនជុំវិញកោះតៃវ៉ាន់ ដោយឆ្លងកាត់ផ្លូវដឹកជញ្ជូន ដ៏មមាញឹកបំផុតនៅលើពិភពលោក និងនៅចំណុចខ្លះដែលចូលមក ក្នុងចម្ងាយ២០គីឡូម៉ែត្រ ពីច្រាំងកោះ។

ទីក្រុងប៉េកាំង បានលើកឡើងថា សមយុទ្ធនេះនឹងបន្តរហូត ដល់ពាក់កណ្តាលថ្ងៃអាទិត្យ ហើយក្រុងតៃប៉ិបានរាយការណ៍ថាយន្តហោះចម្បាំង និងនាវារបស់ចិន បានឆ្លងកាត់ “ខ្សែបន្ទាត់មធ្យម” ដែលរត់កាត់ច្រកសមុទ្រតៃវ៉ាន់ នៅព្រឹកថ្ងៃសុក្រនេះ ។

ក្រសួងការពារជាតិតៃប៉ិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គិតត្រឹមម៉ោង១១ព្រឹក យន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន ជាច្រើនគ្រឿង បានធ្វើសមយុទ្ធនៅជុំវិញ ច្រកសមុទ្រតៃវ៉ាន់ ហើយបានឆ្លងកាត់ខ្សែបន្ទាត់មធ្យម នៃច្រកសមុទ្រ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top