ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ជាថ្មី ពីការទាមទារ ឲ្យដក IRGC ចេញពីបញ្ជីភេរវកម្មរបស់ អាមេរិក

តេអេរ៉ង់ ៖ អ៊ីរ៉ង់បានអះអាងសារជាថ្មី នូវការទាមទាររបស់ខ្លួន សម្រាប់ការ ដកកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ចេញពីបញ្ជីភេរវករ របស់សហរដ្ឋអាមេរិកក្នុងកិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដោយបានបដិសេធ ការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយថា អ៊ីរ៉ង់បានលុបចោល តម្រូវការរបស់ខ្លួន ។

ដោយដកស្រង់ប្រភពដែលមានព័ត៌មានជិតស្និទ្ធនឹងក្រុមចរចារបស់ទីក្រុងតេអេរ៉ង់ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ៊ីរ៉ង់មិនបានដកការទាមទារ សម្រាប់ការដក IRGC ចេញពីបញ្ជីអង្គការភេរវករបរទេសរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចពិភាក្សា ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញនោះទេ។

របាយការណ៍នេះ គឺជាការឆ្លើយតបទៅនឹងរបាយការណ៍របស់ The Wall Street Journal ដែលថាទីក្រុងតេអេរ៉ង់ បានទម្លាក់ការទាមទាររបស់ខ្លួនលើបញ្ហា IRGC នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយច្រានចោលរបាយការណ៍នេះថា ខ្វះភាពជឿជាក់ ប្រភពបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានបង្ហាញពីសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការឈានដល់កិច្ចព្រមព្រៀង មួយនៅក្នុងការចរចា។

ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយ រួម (JCPOA) ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រម ទប់ស្កាត់កម្មវិធី នុយក្លេអ៊ែររបស់ខ្លួនជាថ្នូរ នឹងការ ដកទណ្ឌកម្មលើប្រទេសនេះ។

ទោះបីជាយ៉ាងណា ក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង និងបានដាក់ទណ្ឌកម្ម ឯកតោភាគីឡើងវិញលើទីក្រុងតេអេរ៉ង់ ដោយជំរុញឱ្យភាគីចុងក្រោយទម្លាក់ការប្តេជ្ញាចិត្ត មួយចំនួននៅក្រោមកតិកាសញ្ញានេះ។

កិច្ចពិភាក្សាស្តីពីការរស់ឡើងវិញនៃ JCPOA បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ នៅក្នុងរដ្ឋធានីវីយែនរបស់អូទ្រីស ប៉ុន្តែត្រូវបានផ្អាកនៅក្នុង ខែមីនាឆ្នាំនេះ ដោយសារតែភាពខុសគ្នាខាងនយោបាយ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top