ព័ត៌មានអន្តរជាតិ

ចិន សម្រេចដាក់ទណ្ឌកម្មលើលោកស្រី Nancy Pelosi និងគ្រួសារ

បរទេស៖ ទីក្រុងប៉េកាំងបានសម្រេចចិត្តដាក់ទណ្ឌកម្មលោកស្រី Nancy Pelosi និងក្រុមគ្រួសារ ភ្លាមៗចំពោះការធ្វើដំណើររបស់លោកស្រីទៅកាន់កោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើដំណើររបស់ប្រធានសភាអាមេរិកទៅកាន់កោះតៃវ៉ាន់គឺជា “ការបង្កហេតុដ៏ធ្ងន់ធ្ងរ” ហើយដោយសារតែបញ្ហានេះ “ប្រទេសចិនសម្រេចចិត្តអនុម័តទណ្ឌកម្មលើលោកស្រី Pelosi និងសមាជិកគ្រួសារ ភ្លាមៗ ស្របតាមច្បាប់ពាក់ព័ន្ធ” នៃប្រទេសនេះ។

សេចក្តីថ្លែងការណ៍បានសរសេរថា លោកស្រី Pelosi បានធ្វើដំណើរទៅកាន់កោះដែលគ្រប់គ្រងដោយខ្លួនឯង “ដោយមិនយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រទេសចិន និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់”។ ដំណើរទស្សនកិច្ចរបស់លោកស្រី “ធ្វើឱ្យខូចអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិនយ៉ាងធ្ងន់ធ្ងរ ជាន់ឈ្លីគោលការណ៍ចិនតែមួយ និងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់”។

ស្វាមីរបស់ប្រធានសភាគឺលោក Paul Pelosi ដែលមានអាយុ ៨២ ឆ្នាំផងដែរ ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ និងក្រុមហ៊ុនប្រឹក្សាយោបល់ និងវិនិយោគ ដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ លោកស្រី Nancy និងស្វាមី មានកូនចំនួនប្រាំនាក់ ក្នុងនោះម្នាក់ឈ្មោះ Christine Pelosi អាយុ ៥៦ ឆ្នាំ ជាអ្នកយុទ្ធសាស្ត្ររបស់គណបក្សប្រជាធិបតេយ្យ។ កូនស្រីពៅរបស់ពួកគេឈ្មោះ Alexandra អាយុ ៥១ ឆ្នាំ គឺជាអ្នកផលិតខ្សែភាពយន្តដែលមានភាពយន្តឯកសារជាច្រើនដែលនាងបានផលិត៕ប្រែសម្រួលៈ ណៃ តុលា

To Top