ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិកោះតៃវ៉ាន់ថា ទីក្រុងប៉េកាំង បានបញ្ជូនយន្តហោះចំនួន ៦៨គ្រឿង និងនាវា ១៣គ្រឿង មកជិតកោះនេះ

បរទេស៖ អាជ្ញាធររបស់កោះតៃវ៉ាន់បាននិយាយថា ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹក រាប់សិបគ្រឿង នៅជិតច្រាំងសមុទ្រកោះតៃវ៉ាន់ ចំពេលមានភាពតានតឹង នៅក្នុងតំបន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ទីក្រុងប៉េកាំងបានបញ្ជូនយន្តហោះចំនួន ៦៨គ្រឿង និងនាវាចំនួន១៣ គ្រឿងនៅជិតកោះនេះនៅថ្ងៃសុក្រ ដែលមួយចំនួនបានឆ្លងកាត់ខ្សែបន្ទាត់កណ្តាល ដែលបែងចែកច្រកសមុទ្រតៃវ៉ាន់ ដោយបន្ថែមថា ការបញ្ជូននេះ “ធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពនៃច្រកសមុទ្រ” ។

ក្រសួងការពារជាតិកោះនេះ បាននិយាយថា យោធារបស់កោះតៃវ៉ាន់ “បានឆ្លើយតបទៅនឹងស្ថានភាពបែបនេះ” ជាមួយនឹងយន្តហោះល្បាត នាវាចម្បាំង និងប្រព័ន្ធមីស៊ីល។

ក្រសួងបានបន្ថែមថា “កងទ័ពតៃវ៉ាន់មិនស្វែងរក ការបង្កើនភាពតានតឹងនោះទេ ប៉ុន្តែយើងក៏មិនចុះចាញ់ នឹងបញ្ហាប្រឈមនោះដែរ និងឆ្លើយតបដោយហេតុផល”៕

ប្រែសម្រួលៈ ណៃ តុលា

To Top