ម៉ូស្គូ៖ ប្រទេសរុស្ស៊ីបានប្រកាស អ្នកការទូតប៊ុលហ្គារីចំនួន ១៤នាក់ ចេញពីប្រទេសកាលពីថ្ងៃសុក្រ ជាការឆ្លើយតបទៅនឹង ការបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៧០នាក់របស់ប៊ុលហ្គារី និងវិធានការផ្សេងទៀតប្រឆាំងនឹង បេសកកម្មបរទេសរបស់រុស្ស៊ី។
ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ឯកអគ្គរដ្ឋទូតប៊ុលហ្គារី ប្រចាំនៅប្រទេសរុស្ស៊ី លោក Atanas Krastin ត្រូវបានកោះហៅទៅកាន់ ក្រសួងការបរទេសរុស្ស៊ី ហើយបានជូនដំណឹងអំពីការ សម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ ក្នុងការបណ្តេញបុគ្គលិក ១៤ នាក់នៃស្ថានទូត និងការិយាល័យកុងស៊ុលប៊ុលហ្គារី។
កាលពីខែមិថុនា នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Kiril Petkov បានប្រកាសថា ប្រទេសរបស់លោកនឹង បណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៧០នាក់ ដោយចោទប្រកាន់ថា ពួកគេបានធ្វើការប្រឆាំងនឹង ផលប្រយោជន៍របស់ប៊ុលហ្គារី។
ក្រសួងការបរទេសប៊ុលហ្គារី ក្រោយមកបានកំណត់ចំនួនបុគ្គលិក នៅបេសកកម្មរុស្ស៊ីនៅប៊ុលហ្គារី មិនលើសពីអ្នកការទូត ២៣នាក់ និងបុគ្គលិករដ្ឋបាល និងបច្ចេកទេស ២៥ នាក់ ស្មើនឹងចំនួនបុគ្គលិកនៅបេសកកម្ម ប៊ុលហ្គារីក្នុងប្រទេសរុស្ស៊ី ៕
ប្រែសម្រួល ឈូក បូរ៉ា