ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិថ្មី ជប៉ុន បង្ហាញពីការព្រួយបារម្ភខ្លាំង ចំពោះសមយុទ្ធ របស់ចិន

តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិថ្មី លោក Yasukazu Hamada បានសម្ដែងការព្រួយ បារម្ភយ៉ាងខ្លាំង លើសមយុទ្ធយោធា នាពេលថ្មីៗនេះរបស់ចិន នៅជិតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងដំណើរ ទស្សនកិច្ចរបស់ប្រធានសភា អាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំង អះអាងថា ជាផ្នែកនៃទឹកដីរបស់ខ្លួន ។

លោក Hamada បានប្រាប់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីលោកបានចូលកាន់មុខ តំណែងរបស់ខ្លួនថា “រួមផ្សំជាមួយនឹងកង្វះ តម្លាភាពនៃគោលនយោបាយ ការពារជាតិ និងកងកម្លាំង យោធា សកម្មភាពយោធាថ្មីៗ របស់ប្រទេសចិន បានក្លាយជាការព្រួយបារម្ភ យ៉ាងខ្លាំងសម្រាប់ប្រទេសជាតិ តំបន់ និងសហគមន៍ អន្តរជាតិ” ។

លោក Hamada បានបន្ដថា ប្រទេសជប៉ុន នឹងពង្រឹងតួនាទីការពាររបស់ខ្លួន ជាពិសេសដោយការដាក់ពង្រាយទ្រព្យសម្បត្តិ និងបុគ្គលិកបន្ថែមទៀតទៅកាន់កោះភាគនិរតី ដាច់ស្រយាលក្នុង “លក្ខណៈដែលមើលឃើញ” ដើម្បីដោះស្រាយជាមួយនឹង បរិយាកាសសន្តិសុខកាន់តែធ្ងន់ធ្ងរ ។

លោក Hamada បានវិលត្រឡប់មកកាន់តំណែង ដែលលោកកាន់អស់រយៈពេលជិតមួយឆ្នាំ រហូតដល់ខែកញ្ញាឆ្នាំ២០០៩ ។ លោកបានជំនួសលោក Nobuo Kishi ដែលជាប្អូនប្រុស របស់លោក Shinzo Abe ដែលជា អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានបាញ់សម្លាប់ក្នុងអំឡុង ពេលសុន្ទរកថាយុទ្ធនាការមួយ កាលពីមួយខែមុន ។

ការរុះរើគណៈរដ្ឋមន្ត្រី បានកើតឡើង បន្ទាប់ពីកាំជ្រួចផ្លោងចំនួន ៥ គ្រាប់ដែលត្រូវបានបាញ់ ដោយប្រទេសចិនបានធ្លាក់ ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជប៉ុនក្នុងអំឡុង ពេលសមយុទ្ធទ្រង់ទ្រាយធំ របស់ទីក្រុងប៉េកាំងនៅជិតកោះតៃវ៉ាន់ កាលពីថ្ងៃទី០៤ ខែសីហា បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោកស្រី Pelosi កាលពីសប្តាហ៍មុនទៅកាន់កោះនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top