ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់ថា គម្រោងកសាងអ៊ុយក្រែនឡើងវិញ នឹងចំណាយច្រើនជាងការស្តារអឺរ៉ុប ក្រោយសង្គ្រាមលោកលើកទី២ទៅទៀត

បរទេស៖ ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ នឹងត្រូវចំណាយអស់រាប់ពាន់លានដុល្លារ បើយោងតាមអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ដែលបានប៉ាន់ប្រមាណ អំពីទំហំនៃកិច្ចខិតខំប្រឹងប្រែង ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់មេដឹកនាំអាល្លឺម៉ង់ថា គម្រោងនេះនឹងមានមហិច្ឆតា ច្រើនជាងផែនការ Marshall ដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិកឆ្នាំ ១៩៤៧ ដែលបានអនុម័តដើម្បីស្ដារអឺរ៉ុបឡើងវិញ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ដែលមានតម្លៃប៉ាន់ស្មាន ១៣ ពាន់លានដុល្លារ (១៥០ពាន់លានដុល្លារ ជារូបិយប័ណ្ណបច្ចុប្បន្ន) នៅក្នុងកម្មវិធីស្តារសេដ្ឋកិច្ច។

សម្រាប់ពេលដែលគម្រោង អ៊ុយក្រែនអាចចាប់ផ្តើម លោក Scholz បាននិយាយថា បញ្ហានៃការបង្កើតសន្តិភាពនៅទីនោះ គឺអាស្រ័យទៅលើប្រជាជន និងរដ្ឋាភិបាលរបស់ខ្លួនទាំងស្រុង។

លោក Scholz បានបន្តថា “មានតែប្រធានាធិបតីអ៊ុយក្រែន រដ្ឋាភិបាល សភា និងប្រជាជនអ៊ុយក្រែនទេដែល អាចនិយាយបានថា នេះគឺជាការសម្រេចចិត្ត ដែលយើងចាត់ទុកថាត្រឹមត្រូវ” ។ លោកថា “សន្តិភាពដោយបង្ខំនឹងមិនដំណើរការទេ” ដែលជាមូលហេតុដែលអាល្លឺម៉ង់នឹង បន្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាដល់ទីក្រុងគៀវ ៕

សម្រួលៈ ណៃ តុលា

To Top