ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូល អាមេរិក-ចិន ទំនងជានឹងមានកិច្ចប្រជុំកំពូល ទល់មុខគ្នាលើកដំបូង នៅក្នុងខែវិច្ឆិកា ក្នុងតំបន់អាស៊ី

តូក្យូ៖ កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រថា មន្ត្រីចិនកំពុងរៀបចំផែនការ សម្រាប់កិច្ចប្រជុំកំពូលទល់មុខគ្នាលើកដំបូង របស់លោកប្រធានាធិបតី ស៊ី ជីនពីង ជាមួយសមភាគីអាមេរិកលោក ចូ បៃដិន នៅគែមនៃកិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនៅអាស៊ីអាគ្នេយ៍ក្នុងខែវិច្ឆិកា។

របាយការណ៍នេះបានលេចឡើង នៅពេលដែលភាពតានតឹ ងរវាងប្រទេសទាំងពីរកើនឡើង ជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភា តំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយខ្លួនឯង កាលពីដើមខែនេះ។

វាជាដំណើរទស្សនកិច្ច លើកដំបូងរបស់វាគ្មិនសភា ក្នុងរយៈពេល២៥ឆ្នាំ ខណៈដែលលោកស្រី Pelosi មានគោលបំណងបង្ហាញការគាំទ្រ ចំពោះកោះតៃវ៉ាន់ ដែលក្រុងប៉េកាំងចាត់ទុកថាជារបស់ខ្លួន។

អ្នកសម្របសម្រួលសេតវិមាន សម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក លោក Kurt Campbell បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃដដែលនោះថា លោក បៃដិន និងលោក ស៊ី បានពិភាក្សាគ្នាអំពីកិច្ចប្រជុំផ្ទាល់ដែលអាចធ្វើទៅបានក្នុងអំឡុងពេលការហៅរបស់មេដឹកនាំទាំងពីរកាលពីពេលថ្មីៗនេះ ប៉ុន្តែបានបន្ថែមថា “យើងមិនមានអ្វីបន្ថែមអំពីព័ត៌មានលម្អិតអំពីពេលវេលា ឬ ទីតាំងនោះទេ”។

លោកក៏បានបញ្ជាក់ផងដែរថា ស្ថានភាពតៃវ៉ាន់នឹងនៅតែជាប្រភពនៃក្តីបារម្ភសម្រាប់សហរដ្ឋអាមេរិក ដោយព្រមានថាប្រទេសចិនកំពុងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ជាលេសដើម្បី “ចាប់ផ្តើមយុទ្ធនាការដាក់សម្ពាធកាន់តែខ្លាំងប្រឆាំងនឹងតៃវ៉ាន់” ដែលត្រូវបានគេរំពឹងថានឹង បន្តកើតមាននៅក្នុងសប្តាហ៍ឬប៉ុន្មានខែខាងមុខនេះ”។

មន្ត្រីរូបនេះបានបន្ដថា “គោលដៅនៃយុទ្ធនាការនេះគឺច្បាស់លាស់ – ដើម្បីបំភិតបំភ័យ និងបង្ខិតបង្ខំតៃវ៉ាន់ និងធ្វើឱ្យខូចភាពធន់របស់ខ្លួន”។

ដោយមើលឃើញដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ជាទង្វើដែលបំផ្លាញអធិបតេយ្យភាពរបស់ខ្លួន ប្រទេសចិនបានខឹងសម្បារចំពោះទង្វើនេះ ដោយបានឆ្លើយតបដោយការធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំនៅក្នុងតំបន់ដែលឡោមព័ទ្ធតៃវ៉ាន់ និងកាត់ផ្តាច់ពាណិជ្ជកម្មមួយចំនួនជាមួយកោះនេះ។

នៅក្នុងនោះដែរប្រទេសចិន ក៏បានបញ្ឈប់កិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពីការប្រែប្រួលអាកាសធាតុ និងបានផ្អាកការទំនាក់ទំនងជាមួយមេបញ្ជាការយោធាសហរដ្ឋអាមេរិកផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top