ព័ត៌មានអន្តរជាតិ

លោកស្រី ឱ វណ្ណឌីន៖ ពលរដ្ឋកុំធ្វេសប្រហែស ទោះកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ប្រឆាំងកូវីដ (Video)

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរំលឹក ក៏ដូចជាណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប កុំធ្វេសប្រហែសឲ្យសោះពីជំងឺកូវីដ១៩ បើទោះបីកម្ពុជាបាន ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដោយ គិតត្រឹមខែកក្កដា ឆ្នាំ២០២២នេះ ។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៤ សីហា លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានប្រចាំថ្ងៃ បង្ហាញកូវីដ-១៩ កំពុងតែមានការឆ្លងក្នុងប្រទេសនៅឡើយ ជាពិសេសពួកអូមីក្រុងដែលជាវីរុសកូវីដ-១៩ បម្លែងថ្មី ហើយនៅតាមបណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក ក៏នៅតែមានការឆ្លងបន្ត និងមានករណីស្លាប់បន្ថែមទៀតផងដែរ ។

លោកស្រីបញ្ជាក់ថា «ដូច្នេះ សូមបងប្អូនកុំធ្វេសប្រហែសឲ្យសោះ ដោយត្រូវបន្តអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញឲ្យបានទាន់ពេល នៅពេលដល់វេន នឹងជួយលោកអ្នកដល់ការការពារ ពីភាពធ្ងន់ធ្ងរបង្កឡើងដោយជំងឺនេះ កាត់បន្ថយអត្រាចូលសម្រាកពេទ្យ និងកាត់បន្ថយជាអតិប្បរិមា នូវការស្លាប់បាតបង់ជីវិត។ អ្វីដែលយើងចង់បាននៅពេលនេះ គឺការរស់នៅប្រកបដោយអាយុវែង និងការថែទាំយកចិត្តទុកដាក់ ក្រុមគ្រួសារឲ្យមានសុខសុភមង្គល និងសុខភាពល្អ»។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីបន្ថែមថា ដើម្បីធ្វើដូច្នេះបាន គឺអាស្រ័យទៅលើការ សម្រេចចិត្តដ៏ត្រឹមត្រូវរបស់បុគ្គល និងគ្រួសារ ដោយត្រូវនាំគ្នាទៅ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជាបន្តទៀត រួមនិងការអនុវត្តន៍វិធាន «៣ការពារ និង៣កុំ» ព្រមទាំងកុំភ្លេចអនុវត្តការ បរិភោគអាហារឆ្អិនល្អ ហើយកុំហូបប្រៃពេក ផ្អែមពេក ខ្លាញ់ពេក និងធ្វើលំហាត់ប្រាណទៀងទាត់។

លោកស្រី រដ្ឋលេខាធិការ ក៏បានរំលឹកថា តាមការវាយតម្លៃរបស់ Neikki Asia សម្រាប់ COVID-19 Recovery Index គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កម្ពុជា ឈរនៅលើចំណាត់ថ្នាក់លេខ២។ លោកស្រីថា «សុខភាពរបស់លោកអ្នក គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោកអ្នកផ្ទាល់ ដើម្បីឈានទៅរកការរស់នៅប្រកបដោយផាសុខភាព និងអាយុយឺនយូរ»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៣៧,២៣៦នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ១៣៣,៩២១នាក់ និងអ្នកស្លាប់ ចំនួន ៣,០៥៦នាក់៕

To Top