ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Moderna ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី Omicron

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ថា និយតករឱសថរបស់ចក្រភពអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានអនុម័តវ៉ាក់សាំង Moderna ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ប្រឆាំងនឹងមេរោគឆ្លង ដែលកំណត់គោលដៅ លើវីរុសបំប្លែខ្លួនថ្មី Omicron ក៏ដូចជាទម្រង់ដើម ។

ទីភ្នាក់ងារនិយតកម្មផលិតផលវេជ្ជសាស្ត្រ និងថែទាំសុខភាព ហៅកាត់ (MHRA) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំង សម្រាប់កម្រិតថ្នាំជំរុញ ដល់មនុស្សពេញវ័យ “បន្ទាប់ពីវ៉ាក់សាំងនេះ ត្រូវបានគេរកឃើញថា បំពេញតាមស្តង់ដារសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពរបស់និយតករ ចក្រភពអង់គ្លេស” ។

វាគឺជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានប្រសិទ្ធិភាព ”ទ្វេរដង” ដំបូងបង្អស់ដែលត្រូវបានអនុម័ត ដោយនិយតករអង់គ្លេស ។

ផ្ទាំងពាណិជ្ជកម្ម

លោក June Raine នាយកប្រតិបត្តិរបស់ MHRA បានថ្លែងថា ទិន្នន័យពីការសាកល្បងព្យាបាល បានបង្ហាញថាវាបានជំរុញឱ្យមាន “ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្លាំង” ប្រឆាំងនឹងមេរោគដើម និង Omicron ហើយនឹងផ្តល់នូវ “ឧបករណ៍មុតស្រួចដែលមាន នៅក្នុងឃ្លាំងរបស់យើង” ខណៈដែលមេរោគនៅតែបន្តវិវត្ត ។

នាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stephane Bancel បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនជីវបច្ចេកវិទ្យា របស់សហរដ្ឋអាមេរិក “រីករាយ” ចំពោះការសម្រេចចិត្ត “ការអនុញ្ញាតជាលើកដំបូងនៃវ៉ាក់សាំង ដែលទប់ទល់នឹងវីរុសបំប្លែងខ្លួន Omicron” ។

ខណៈដែលវ៉ាក់សាំងបានជួយកាត់បន្ថយ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ដោយសារកូវីដ-១៩ ដែលបានលេចចេញជាលើកដំបូង នៅក្នុងប្រទេសចិន នៅចុងឆ្នាំ២០១៩ ការចាក់វ៉ាក់សាំងបច្ចុប្បន្ន គឺផ្តោតសំខាន់ ទៅលើប្រភេទជំងឺមុននេះ ។

អង្គការសុខភាពពិភពលោក បានព្រមានកាលពីខែកក្កដាថា ជំងឺរាតត្បាតគឺ “គ្មានកន្លែងណាជិតបញ្ចប់ឡើយ” ដោយសារតែការរីករាលដាលនៃអនុក្រម Omicron និងដល់ការដកចេញវិធានការត្រួតពិនិត្យ៕ ​ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top