ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការបំភ្លេចប្រវត្តិសាស្ត្រ គឺជាទង្វើក្បត់ ជប៉ុនគួរតែចាត់ទុក ប្រវតិ្តសាស្ត្រជាមេរៀន

ភ្នំពេញ៖ នាថ្ងៃទី១៥ ខែសីហា ឆ្នាំនេះ ជាខួបទី៧៧នៃការទទួលបរាជ័យ លើសង្គ្រាមលោកលើកទី២ និងការប្រកាសចុះចាញ់ ដោយគ្មានលក្ខខណ្ឌរបស់ជប៉ុន ។ ប៉ុន្តែអ្វីដែលធ្វើឱ្យ ពិភពលោកព្រួយបារម្ភ គឺយោធានិយមបាននិងកំពុង ងើបឡើងវិញជាសន្សឹមៗ នៅប្រទេសជប៉ុន ហើយប៉ុនប៉ងលុបបំបាត់ចោលការ រឹតត្បិតពីធម្មនុញ្ញសន្តិភាពទៀតផង ។ ជាពិសេស នាពេលថ្មីៗកន្លងទៅនេះ ទង្វើបង្ករឿងហេតុរបស់ អ្នកនយោបាយជប៉ុនមួយចំនួន ធ្វើឱ្យអ្នកផងទាំងពួងមានការ ព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ។

នាពេលមុននេះមិនជាយូរប៉ុន្មាន លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តរបស់ អាមេរិកបានធ្វើដំណើរ ទៅដល់តំបន់ចិនតៃវ៉ាន់ ដោយល្មើសនឹងគោលការណ៍ ប្រទេសចិនមួយ ហើយបានរងការថ្កោលទោស ពីប្រទេសចំនួនជាង១៧០ និងអង្គការអន្តរជាតិជាច្រើន ។ ប៉ុន្តែជប៉ុនបានធ្វើផ្ទុយពីគេ ខណៈពេលលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ជួបសន្ទនាជាមួយលោកស្រី Pelosi លោកបាននិយាយដោយខុសទំនងថា សកម្មភាពសមយុទ្ធដែលចិន បានធ្វើនៅតំបន់ជំរុញច្រកសមុទ្រតៃវ៉ាន់ “បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខជាតិរបស់ជប៉ុន” ព្រមទាំងព្រលយសម្តីថា “ជប៉ុននិងអាមេរិកនឹងរួមគ្នាគាំពារសន្តិភាព និងស្ថិរភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់” ។ ក្រៅពីនេះជប៉ុនក៏បាន រួមជាមួយប្រទេសG7 ផ្សេងទៀងនិងសហភាពអឺរ៉ុប ប្រកាសអ្វីដែលហៅថាសេចក្តីថ្លែងការណ៍រួម ក្នុងន័យជួយឃោសនាបំប៉ោង ពីទង្វើរបស់អាមេរិកដែលបាន បំពានអធិបតេយ្យភាពរបស់ចិន ។

ក្នុងបញ្ហាតៃវ៉ាន់ ជប៉ុនបានជំពាក់បំណុល ប្រជាជនចិនក្នុងប្រវត្តិសាស្ត្រ ។ កាលពីឆ្នាំ១៨៩៥ ចក្រពតិ្តនិយមជប៉ុនបាន ឆក់យកកោះតៃវ៉ាន់និងកោះPenghu តាមរយៈការបំផុសសង្គ្រាមឈ្លានពាន ហើយបានធ្វើការត្រួតត្រា អាណានិគមអស់រយៈពេល ពាក់កណ្តាលសតវត្សរ៍ បានសម្លាប់រង្គាលជនរួមជាតិ តៃវ៉ាន់ចំនួនជាង៦សែននាក់ហើយ បានឆក់យកប្រភពធនធាន ក្នុងតំបន់យ៉ាងច្រើនសន្ធឹក ដែលបាននាំមកនូវគ្រោះមហន្តរាយ យ៉ាងធ្ងន់ធ្ងរដល់កោះតៃវ៉ាន់ ។

បន្ទាប់ពីជប៉ុនសុំចុះចាញ់ ក្នុងសង្គ្រាមលោកលើកទីពីរ ដោយគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន អាមេរិកមិនបានជម្រះបញ្ជី ឱ្យដាច់ស្រេចចំពោះយោធានិយម របស់ជប៉ុននោះទេ ។ ប្រការនេះបណ្តាលឱ្យពួកស្តាំនិយម របស់ជប៉ុនមិនត្រឹមតែមិនបាន ពិចារណាកំហុសរបស់ខ្លួន ក្នុងប្រវត្តិសាស្ត្រឈ្លានពានប៉ុណ្ណោះទេ ផ្ទុយទៅវិញពួកគេមិនអាចបំភ្លេចបាន នូវភាពបរាជ័យក្នុងសង្គ្រាមលោកលើកទីពីរ គិតរហូតដល់បច្ចុប្បន្ននេះ ពួកគេនៅតែមានចេតនា លូកដៃចូលក្នុងបញ្ហាតៃវ៉ាន់ទៀត ។ នាពេលថ្មីៗកន្លងទៅនេះ កាសែត «Lianhezaobao» របស់សិង្ហបុរីបានចុះផ្សាយអត្ថបទ ដោយលើកឡើងថា បច្ចុប្បន្ននេះ ជប៉ុនកំពុងស្វែងរក “ការមានភាពរុងរឿងឡើងវិញ” ជាថ្មីម្តងទៀត ហើយសង្ឃឹមថានឹងបង្ករឿងហេតុ ក្នុងបញ្ហាតៃវ៉ាន់ឱ្យបានកាន់តែខ្លាំងឡើងៗ ក្នុងគោលបំណងរារាំងការ បង្រួបបង្រួមជាតិរបស់ប្រទេសចិន ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនបានរករឿងក្នុងបញ្ហា តៃវ៉ាន់ជាញឹកញាប់ វាក៏មានការគិតគូរពី ផលប្រយោន៍ជាក់ស្តែងផងដែរ ។ ជប៉ុនបានឃុបឃិតគ្នាជាមួយអាមេរិក ហើយសុខចិត្តធ្វើជាទ័ពស្រួចរបស់ “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” របស់អាមេរិក ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ក៏ដូចជាធ្វើឱ្យចិននិងអាមេរិក មានទំនាក់ទំនងកាន់តែផុយស្រួយ ឆក់យកឱកាសទទួលបានផលប្រយោជន៍ និងបង្កបង្កើតលេស ដើម្បីបន្ថែមថវិកាយោធា ពង្រីកកម្លាំងយោធានិងជំរុញ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាព ។

ការបំភ្លេចប្រវតិ្តសាស្ត្រគឺជាទង្វើក្បត់ ការបដិសេធទោសគឺមានន័យថា ប្រហែលនឹងប្រព្រឹតិ្តបទឧក្រិដ្ឋជាថ្មីម្តងទៀត ។ អ្នកនយោបាយជប៉ុនមិនគួរបំភ្លេច បាននូវគ្រោះមហន្តរាយដែលជប៉ុន បាននាំមកដល់ប្រទេសជិតខាង នៅអាស៊ីនោះឡើយ ជាងនេះទៅទៀត ត្រូវពិចារណាកំហុសរបស់ខ្លួនគ្រប់ពេលវេលា និងចាត់ទុកប្រវតិ្តសាស្ត្រជាមេរៀន ក៏ដូចជាបញ្ឈប់ទង្វើប្រកបដោយគ្រោះថ្នាក់ ដែលចង់លុបចោលការដាក់កំហិត ទៅលើយោធានិយមផងដែរ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top