ព័ត៌មានអន្តរជាតិ

អ្នកជំនាញ រិះគន់អាមេរិក ចំពោះការរំលោភលើអធិបតេយ្យភាពស៊ីរី ដោយការប្លន់យកធនធាន និងការដាក់ទណ្ឌកម្ម

ដាម៉ាស់៖ អ្នកជំនាញស៊ីរីបានឲ្យដឹងថា គោលបំណងពិតនៃវត្តមាន របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី គឺមិនដែលមានអំពីការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មនោះទេ ប៉ុន្តែជាការលួចធនធាន និងការដាក់ចក្ខុវិស័យផ្ទាល់ខ្លួន អំពីអនាគតនៅលើប្រទេសអារ៉ាប់។

អ្នកជំនាញបានកត់សម្គាល់ថា ចាប់តាំងពីការគ្រប់គ្រងវិស័យប្រេង និងកសិកម្មសំខាន់ៗ រហូតដល់ការដាក់ទណ្ឌកម្ម ហើយសហរដ្ឋអាមេរិក បានរំលោភលើអធិបតេយ្យភាព របស់ស៊ីរីយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Maher Ihsan អ្នកសារព័ត៌មាន និងជាអ្នកជំនាញខាងនយោបាយ បានប្រាប់កាសែរស៊ីនហួថា បន្ទាប់ពីស្ថិតនៅក្នុងប្រទេសស៊ីរីអស់រយៈពេល ៨ឆ្នាំមក គោលដៅ និងផែនការពិតប្រាកដរបស់វ៉ាស៊ីនតោន មិនអាចលាក់បាំងបានទៀតនោះទេ។

លោកបានលើកឡើងថា គ្មាននរណាម្នាក់អាចបដិសេធបានទេថា ការប្រយុទ្ធនឹងភេរវករបានក្លាយជាលេសចាស់ ដែលសហរដ្ឋអាមេរិកបានប្រើជាធម្មតា ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃអន្តរាគមន៍ របស់ខ្លួននៅក្នុងប្រទេសផ្សេងទៀត។

លោកបានបន្ថែមថា “ក្រឡេកមើលស្ថានភាពឥឡូវនេះ សហរដ្ឋអាមេរិក កំពុងគ្រប់គ្រងតំបន់ឧស្ម័ន និងប្រេងសំខាន់ៗនៅក្នុងតំបន់ សម្បូរប្រេងក្នុងប្រទេសស៊ីរី និងកំពុងគ្រប់គ្រង តំបន់កសិកម្មសំខាន់ៗផងដែរ សហរដ្ឋអាមេរិកមិនបានមកទីនេះ ដើម្បីជួយនោះទេ ក្រៅតែពីទាញយកប្រយោជន៍ពីស្ថានភាព និងកំណត់ឆន្ទៈរបស់ពួកគេ”។

លោក Ahmad Al-Ashqar អ្នកកាសែត និងអ្នកជំនាញនយោបាយម្នាក់ទៀត បានប្រាប់ស៊ិនហួនៅក្នុង បទសម្ភាសន៍ថ្មីៗនេះថា វត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរីគឺ “ខុសច្បាប់ ហើយយុត្តិកម្មផ្លូវច្បាប់ របស់ខ្លួននៅខ្សោយណាស់” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top