ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ចង់ឱ្យអ៊ុយក្រែន សារភាព ពីការប្រព្រឹត្តិអំពើប្រល័យពូជសាសន៍មកលើ ជនជាតិខ្លួនអស់ប្រហែល ១០ម៉ឺនាក់ ទៅ ១៣ម៉ឺននាក់

បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងបេតិកភណ្ឌជាតិរបស់ប្រទេសប៉ូឡូញ លោក Jaroslaw Sellin បាននិយាយកាលពីថ្ងៃអង្គារថា ការសម្លាប់រង្គាលលើប្រជាជនប៉ូឡូញដោយអ្នកជាតិនិយមអ៊ុយក្រែន ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ គឺបានបំពេញតាមនិយមន័យនៃអំពើប្រល័យពូជសាសន៍ ហើយរដ្ឋាភិបាលនៅទីក្រុងគៀវ អ៊ុយក្រែន នឹងត្រូវតែទទួលស្គាល់រឿងនេះឆាប់ៗ ឬក្រោយមក។

លោកអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌និយាយថា ការសម្លាប់រង្គាលនៅតំបន់ Volhynia ឆ្នាំ ១៩៤៣ សមនឹងនិយមន័យនៃអំពើប្រល័យពូជសាសន៍ ហើយទីក្រុងគៀវ របស់អ៊ុយក្រែន នឹងត្រូវទទួលស្គាល់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Sellin ប្រាប់ទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ (PAP) អំឡុងពេលសម្ភាសន៍ទូរទស្សន៍ថា “ពួកគេត្រូវតែទទួលស្គាល់វា ព្រោះវាជាការពិត។ វាគ្រាន់តែជាការពិតមួយ ការសម្រេចចិត្តខាងនយោបាយត្រូវបានធ្វើឡើង និងអនុវត្តសម្រាប់ការបោសសម្អាតជនជាតិភាគតិច ការសម្លាប់ជនជាតិភាគតិចទាំងមូលដែលរស់នៅទីនោះអស់ជាច្រើនសតវត្សមកហើយ»។

លោកបន្ថែមថា “នេះគឺជាអំពើប្រល័យពូជសាសន៍ វាសមនឹងកម្រិតថេរទាំងអស់នៃនិយមន័យនៃអំពើប្រល័យពូជសាសន៍ ដូច្នេះមិនមានការពិភាក្សានៅទីនេះទេ នេះគឺជាការពិតនៃប្រវត្តិសាស្ត្រ។ មិនយូរមិនឆាប់ អ៊ុយក្រែននឹងត្រូវទទួលស្គាល់វា»។

សូមជម្រាបថា ប្រវត្ដិវិទូប៉ូឡូញនិយាយថា ជនជាតិប៉ូឡូញចន្លោះពី ១០០ ០០០នាក់ ទៅ ១៣០ ០០០នាក់ត្រូវបានសម្លាប់រង្គាលដោយកងទ័ពបះបោរអ៊ុយក្រែន (UPA) Stepan Bandera ។ នៅឆ្នាំ ២០១៦ សភានៅទីក្រុង Warsaw បានអនុម័តដំណោះស្រាយដែលបង្កើតថ្ងៃទី ១១ ខែកក្កដាជាថ្ងៃនៃការរំលឹកដល់ការប្រល័យពូជសាសន៍ដោយសំដៅទៅលើកាលបរិច្ឆេទដែល UPA បានវាយប្រហារទីក្រុងប៉ូឡូញចំនួន ១៥០ នៅតំបន់ប្រវត្តិសាស្រ្ត Volhynia និងតំបន់ Eastern Galicia ៕ប្រែសម្រួលៈ ណៃ តុលា

To Top