ព័ត៌មានអន្តរជាតិ

ណាតូ គូសបញ្ជាក់ពីតម្រូវការចាំបាច់ សម្រាប់យូអិន ក្នុងការត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែរ Zaporizzhhia នៅអ៊ុយក្រែន

ព្រុចសែល៖ ប្រធានអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា មានតម្រូវការបន្ទាន់ សម្រាប់អង្គការឃ្លាំមើលបរមាណូរបស់ អង្គការសហប្រជាជាតិ ដើម្បីត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizzhhia នៅអ៊ុយក្រែន ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់យោធារុស្ស៊ី។

 លោក Stoltenberg បានឲ្យដឹងនៅទីក្រុងប្រ៊ុចសែលថា ការរឹបអូសរោងចក្ររបស់រុស្ស៊ី “បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាព និងសន្តិសុខនៃកន្លែងនេះ ហើយបង្កើនហានិភ័យនៃឧបទ្ទវហេតុនុយក្លេអ៊ែរទៀតផង”។

លោកបានលើកឡើងថា “វាជាការបន្ទាន់ក្នុងការអនុញ្ញាតឱ្យមានការត្រួតពិនិត្យដោយទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ និងដើម្បីធានាឱ្យមានការដកកងកម្លាំងរុស្ស៊ីទាំងអស់” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន The National។

លោក Stoltenberg បាន​បន្ដថា ការ​គ្រប់​គ្រង​ដោយ​យោធា​រុស្ស៊ី​លើ​រោងចក្រ​នេះ បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន​អ៊ុយក្រែន ប្រទេស​ជិត​ខាង និង​សហគមន៍​អន្តរជាតិ។

លោកបានបន្ថែមថា “កងទ័ពរុស្ស៊ី ឥឡូវនេះ ប្រើប្រាស់ដីជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ ជាតំបន់ដំណាក់កាលមួយ ជាវេទិកាមួយ ដើម្បីបើកការវាយប្រហារ ដោយកាំភ្លើងធំមកលើកងកម្លាំងអ៊ុយក្រែន ហើយនេះ គឺជាការមិនប្រុងប្រយ័ត្ន វាមិនទទួលខុសត្រូវនោះទេ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top