ព័ត៌មានអន្តរជាតិ

ភាពតានតឹងរវាង អាមេរិក-ចិន មិនអាចជួយអ្វី ដល់ការប្រយុទ្ធប្រឆាំង នឹងវិបត្ដិអតិផរណារបស់លោក បៃដិន បានឡើយ

ញូវយ៉ក៖ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន មិនបានជួយដល់កិច្ចខិតខំប្រឹងប្រែង របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការគ្រប់គ្រងអតិផរណានោះទេ នេះបើតាមការឲ្យដឹងពីសេដ្ឋវិទូ Jeffrey Sachs បានប្រាប់ទូរទស្សន៍ CNBC ។

លោក Sachs បានលើកឡើងថា រដ្ឋបាលលោក បៃដិន មិនគួរមានការបន្តការយកពន្ធពីសម័យ លោក ដូណាល់ ត្រាំ មកលើប្រទេសចិននោះទេ ដោយកត់សម្គាល់ថា “លោក បៃដិន ដើរតាមខ្សែបន្ទាត់ប្រឆាំងចិនដូចគ្នា ស្ទើរតែអាចបង្កើនវាលើសពីលោក ត្រាំ ទៀតផង” ។

សាស្ត្រាចារ្យសាកលវិទ្យាល័យ Columbia និងជាប្រធានបណ្តាញដំណោះស្រាយអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិបានលើកឡើងថា “ខ្ញុំគិតថាវាអាក្រក់ សម្រាប់ពិភពលោក សម្រាប់គ្រោះថ្នាក់ជាច្រើន។ វាមិនជួយដល់ផ្នែកអតិផរណានោះទេ” ។

លោក សាស្រ្តាចារ្យបានលើកឡើងថា លោករំពឹងថាអតិផរណានឹងនៅតែខ្ពស់ សម្រាប់អនាគតដ៏ខ្លីខាងមុខ។  ចំណែកលោក Sachs បានបន្ថែមថា “យើងបន្តធ្វើឱ្យភាគីផ្គត់ផ្គង់មានការភ្ញាក់ផ្អើល ជាមួយនឹងសង្គ្រាម ជាមួយនឹងការដាក់ទណ្ឌកម្ម ជាមួយនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top