តេអេរ៉ង់៖ ទីប្រឹក្សានៃក្រុមចរចានុយក្លេអ៊ែរអ៊ីរ៉ង់ បានឲ្យដឹងថា គ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នឹងត្រូវបានអនុវត្តរហូតដល់ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) បិទសំណុំរឿងរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់។
លោក Seyed Mohammad Marandi បានសរសេរថា “គ្មានកិច្ចព្រមព្រៀងណាមួយ នឹងត្រូវបានអនុវត្តមុនពេល IAEA បិទជាអចិន្ត្រៃយ៍ការចោទប្រកាន់ មិនពិតប្រឆាំងនឹងអ៊ីរ៉ង់” ។
កាលពីខែមិថុនា ក្រុមប្រឹក្សាភិបាលរបស់ IAEA បានអនុម័តដំណោះស្រាយប្រឆាំងនឹងអ៊ីរ៉ង់ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បន្ទាប់ពីរបាយការណ៍របស់ទីភ្នាក់ងារ ដែលថាទីក្រុងតេអេរ៉ង់ មិនបានផ្តល់ “ការពន្យល់ដែលអាចជឿជាក់បាន” សម្រាប់ភាគល្អិតអ៊ុយរ៉ាញ៉ូម ដែលបានរកឃើញនៅកន្លែង ដែលមិនបានបញ្ជាក់ចំនួន៣។
ក្នុងពេលជាមួយគ្នានេះ លោក Marandi បានបញ្ជាក់សារជាថ្មីថា ការដកកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ ចេញពីបញ្ជីអង្គការភេរវករ បរទេសរបស់សហរដ្ឋអាមេរិកគឺ “មិនមែនជាលក្ខខណ្ឌជាមុន” សម្រាប់កិច្ចព្រមព្រៀង នៅទីក្រុងវីយែននោះទេ។
លោកក៏បានកត់សម្គាល់ផងដែរថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងមិនត្រូវបានរុះរើឡើយ។ នាពេលថ្មីៗនេះ អ៊ីរ៉ង់បានឲ្យដឹងថា ការឆ្លើយតបជាលាយលក្ខណ៍អក្សររបស់ខ្លួន ចំពោះសេចក្តីព្រាងកិច្ចព្រមព្រៀងដ៏មានសក្តានុពលរបស់សហភាពអឺរ៉ុប ត្រូវបានបង្ហាញ ដោយកត់សម្គាល់ថា ប្រសិនបើប្រតិកម្មរបស់សហរដ្ឋអាមេរិក មានលក្ខណៈជាក់ស្តែង និងភាពបត់បែន កិច្ចព្រមព្រៀងនុយក្លេអ៊ែរនឹងត្រូវបានសម្រេច។
ជុំចុងក្រោយនៃកិច្ចចរចានុយក្លេអ៊ែរ ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីវីយែន របស់ប្រទេសអូទ្រីសកាលពីដើមខែសីហា បន្ទាប់ពីបានផ្អាកអស់រយៈពេល ៥ខែ។ កាលពីថ្ងៃទី០៨ ខែសីហា សហភាពអឺរ៉ុប បានដាក់ចេញនូវ “អត្ថបទចុងក្រោយ” នៃសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការរស់ឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥។
អ៊ីរ៉ង់បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹង ការដកទណ្ឌកម្មលើប្រទេសនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង និងបានដាក់ទណ្ឌកម្មឯកតោភាគី ឡើងវិញលើទីក្រុងតេអេរ៉ង់ ដោយជំរុញឱ្យភាគីចុងក្រោយ ទម្លាក់ការប្តេជ្ញាចិត្តមួយចំនួន នៅក្រោមកតិកាសញ្ញានេះ៕
ប្រែសម្រួល ឈូក បូរ៉ា