ព័ត៌មានអន្តរជាតិ

ចិនដាក់ពង្រាយនាវា និងយន្តហោះក្រុមធំ នៅជិតកោះតៃវ៉ាន់ មួយថ្ងៃបន្ទាប់ពីអាមេរិក បានបញ្ជូននាវាចម្បាំង ២គ្រឿងទៅកាន់ច្រក សមុទ្រតៃវ៉ាន់

បរទេស ៖ ក្រសួងការពារជាតិ នៃកោះដែលគ្រប់គ្រងដោយខ្លួនឯង ឬ កោះតៃវ៉ាន់ បានអះអាងកាលពីថ្ងៃអាទិត្យថា ក្រុមនាវា និងយន្តហោះយោធាចិន មួយក្រុមធំ ត្រូវបានគេឃើញនៅជុំវិញកោះតៃវ៉ាន់ ចំពេលមានភាពតានតឹងកាន់តែ ខ្លាំងនៅក្នុងតំបន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមក្រសួង ការពារជាតិកោះតៃវ៉ាន់ គឺថា មាននាវាកងទ័ពជើង ទឹកចិនចំនួន ៨គ្រឿង និងយន្តហោះចំនួន ២៣គ្រឿង ត្រូវបានគេរកឃើញនៅក្នុងតំបន់ជុំវិញ របស់តៃវ៉ាន់។ យន្តហោះចំនួន ១០ គ្រឿង “បានហោះហើរ នៅផ្នែកខាងកើត នៃខ្សែបន្ទាត់កណ្តាល នៃច្រកសមុទ្រតៃវ៉ាន់” ដែលក្នុងការអនុវត្តជារបាំងមិនផ្លូវការ រវាងចិនដីគោក និងកោះនេះ។

យោធារបស់កោះតៃវ៉ាន់បានបន្ថែមថា ការល្បាតតាមអាកាស ប្រយុទ្ធក្នុងតំបន់ត្រូវបានផ្តល់ការ ណែនាំពាក់ព័ន្ធ ហើយសកម្មភាពរបស់ទីក្រុងប៉េកាំង កំពុងត្រូវបានតាមដាន យ៉ាងដិតដល់ ។

សូមជម្រាបថា ការដាក់ពង្រាយចិនជាក់ស្តែងកើតឡើង មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំង២គ្រឿង ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ នៅក្នុងអ្វីដែលកងទ័ពជើងទឹកហៅថា “ទម្លាប់” បេសកកម្មឆ្លងកាត់ មានន័យថា “បង្ហាញពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top