ព័ត៌មានអន្តរជាតិ

ភរិយា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak ត្រូវតុលាការកាត់ទោស ពីបទពុករលួយ

កូឡារឡាំពួរ ៖ លោកស្រី Rosmah Mansor ដែលជាភរិយា របស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak នៅថ្ងៃព្រហស្បតិ៍ ត្រូវបានតុលាការកាត់ទោស ពីបទពុករលួយ ដែលការកាត់ទោសនេះ គឺមានរយៈពេលត្រឹម តែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីស្វាមីរបស់លោកស្រីត្រូវបានជាប់គុក បន្ទាប់ពីតុលាការកំពូល របស់ប្រទេសម៉ាឡេស៊ី បានបញ្ជាក់ពីការផ្តន្ទាទោស ពីបទពុករលួយរបស់លោក។

យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Rosmah អាយុ ៧០ឆ្នាំ ត្រូវបានតុលាការជាន់ខ្ពស់ម៉ាឡេស៊ី រកឃើញថា មានកំហុសក្នុងការទទួលប្រាក់សរុបចំនួន ១៩៤ លាន RM ស្មើនឹង ៦១ លានដុល្លារសិង្ហបុរី ជាសំណូក ដើម្បីជួយក្រុមហ៊ុន ថាមពលពន្លឺព្រះអាទិត្យ Jepak Holdings ទទួលបានគម្រោង កូនកាត់ពន្លឺព្រះអាទិត្យចំនួន ១,២៥ ពាន់លាន RM សម្រាប់សាលារៀនរាប់រយនៅរដ្ឋ Sarawak ក្នុងឆ្នាំ ២០១៦ ។

លោកស្រី Rosmah ក៏ប្រឈមមុខនឹងការ ចោទប្រកាន់ពីការលាងលុយ និងការគេចពន្ធចំនួន ១៧ ករណីដែលពាក់ព័ន្ធនឹងទឹកប្រាក់សរុបចំនួន ៧,១ លាន RM នៅក្នុងការកាត់ក្តីដែលកំពុង បន្តដាច់ដោយឡែកមួយ។

ការផ្តន្ទាទោស របស់លោកស្រី កើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក Najib បានចាញ់ការប្តឹងឧទ្ធរណ៍ ចុងក្រោយរបស់លោក ប្រឆាំងនឹងការផ្តន្ទាទោស ពីបទពុករលួយឆ្នាំ ២០២០ នៅតុលាការសហព័ន្ធ។ លោកបានចាប់ផ្តើមជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំនៅពន្ធនាគារ Kajang ក្នុងទីក្រុង Selangor កាលពីថ្ងៃទី ២៣ ខែសីហា៕
ប្រែសម្រួលៈ ណៃ តុលា

To Top