ព័ត៌មានអន្តរជាតិ

រុស្ស៊ី លុបចោលការធ្វើដំណើរដោយគ្មានទិដ្ឋាការ សម្រាប់ជនជាតិជប៉ុន ទៅកាន់កោះមានជម្លោះ

ម៉ូស្គូ៖ រដ្ឋាភិបាលរុស្ស៊ី បាន បញ្ចប់កិច្ចព្រមព្រៀង ជាមួយទីក្រុងតូក្យូ ស្តីពីការសម្របសម្រួលដំណើរ ទស្សនកិច្ចរបស់ ពលរដ្ឋជប៉ុន ទៅកាន់កោះប៉ាស៊ីហ្វិក ដែលមានជម្លោះចំនួន៤កោះនេះ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កិច្ចព្រមព្រៀងដែលមានអាយុកាលតាំងពីឆ្នាំ១៩៩៩ បានអនុញ្ញាតឱ្យអតីតអ្នកស្រុក និងសមាជិកគ្រួសាររបស់ពួកគេនៃកោះ ដែលត្រូវបានគេស្គាល់ថាជាកោះ Southern Kurils ក្នុងប្រទេសរុស្ស៊ី និងដែនដីភាគខាងជើងក្នុងប្រទេសជប៉ុន អាចទៅលេងកោះដែលគ្រប់គ្រងដោយរុស្ស៊ីដោយគ្មានទិដ្ឋាការ។

ក្រសួងការបរទេសរុស្ស៊ី បានប្រកាសពីចេតនារបស់ខ្លួនក្នុងការបញ្ចប់ការធ្វើដំណើរដោយគ្មានទិដ្ឋាការនៅក្នុងខែមីនា ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីរបស់ប្រទេសជប៉ុនជុំវិញស្ថានភាពនៅអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top