ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសនៅថ្ងៃចន្ទម្សិលមិញនេះថា ពលរដ្ឋអាមេរិកចំនួន ២៥ នាក់បន្ថែមទៀតត្រូវបានរារាំង មិនជាន់ទឹកដីប្រទេសទៀតឡើយ ជាការឆ្លើយតបទៅនឹងការកើនឡើង នៃទណ្ឌកម្មប្រឆាំងរុស្ស៊ី របស់ទីក្រុងវ៉ាស៊ីនតោន។
បញ្ជីខ្មៅដែលទើបនឹងចូល គឺសមាជិកសភាអាមេរិក មន្ត្រីជាន់ខ្ពស់ អ្នកជំនួញ អ្នកជំនាញ និងឥស្សរជនវប្បធម៌ រួមទាំងរដ្ឋមន្ត្រីពាណិជ្ជកម្ម Gina Raimondo ផងដែរ។
ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ទីក្រុងមូស្គូនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពអរិភាពរបស់អាជ្ញាធរអាមេរិក ដែលបន្តការប្រកាន់ពូជសាសន៍ បំផ្លាញទំនាក់ទំនងទ្វេភាគី និងបង្កើនការប្រឈមមុខដាក់គ្នា រវាងប្រទេសទាំងពីរ។
ទិន្នន័យផ្លូវការបង្ហាញថា ជនជាតិអាមេរិកសរុបចំនួន ១,០៧៣នាក់ បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម របស់ទីក្រុងម៉ូស្គូ រួមទាំងការហាមឃាត់ មិនឲ្យជាន់ទឹកដីរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា