ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី លុបចោលកិច្ចព្រមព្រៀង ជាមួយក្រុងតូក្យូ ស្តីពីការសម្របសម្រួលទិដ្ឋការ សម្រាប់អ្នកដំណើរ ទៅកាន់ដែនកោះជម្លោះ

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ី បានលុបចោលកិច្ចព្រមព្រៀង ជាមួយទីក្រុងតូក្យូ ស្តីពីការសម្របសម្រួល ដល់ការធ្វើដំណើរទស្សនកិច្ច របស់ពលរដ្ឋជប៉ុន ទៅកាន់កោះប៉ាស៊ីហ្វិក ដែលមានជម្លោះចំនួន៤ ។

គេបានដឹងថា កិច្ចព្រមព្រៀង ដែលមានអាយុកាល តាំងពីឆ្នាំ១៩៩៩ បានអនុញ្ញាតឱ្យអតីតអ្នករស់នៅ និងសមាជិកគ្រួសារ របស់ពួកគេ នៃកោះដែលត្រូវបានគេស្គាល់ថា ជាកោះ Kurils ភាគខាងត្បូងក្នុងប្រទេសរុស្ស៊ី និងដែនដីភាគខាងជើង ក្នុងប្រទេសជប៉ុន អាចទៅលេងកោះ ដែលគ្រប់គ្រងដោយរុស្ស៊ី ដោយមិនមានទិដ្ឋាការ ។

ក្រសួងការបរទេសរុស្ស៊ី បានប្រកាសពីចេតនារបស់ខ្លួន ក្នុងការបញ្ចប់ការធ្វើដំណើរ ដោយគ្មានទិដ្ឋាការនៅក្នុងខែមីនា ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីរបស់ប្រទេសជប៉ុន ជុំវិញស្ថានភាព នៅអ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top