ព័ត៌មានអន្តរជាតិ

លោក ពូទីនថា លោកខាងលិច ឆបោកប្រទេសក្រីក្រ ជាមួយនឹងកិច្ចព្រមព្រៀង គ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានទទូចថា បណ្តាប្រទេសលោកខាងលិច បានកុហកនៅពេលដែលពួកគេអះអាងថា អ៊ុយក្រែនត្រូវការការដឹកជញ្ជូនតាមសមុទ្រ ដើម្បីកាត់បន្ថយការកើនឡើង នៃតម្លៃអាហារ និងហានិភ័យនៃគ្រោះទុរ្ភិក្ស នៅក្នុងប្រទេសក្រីក្រ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក វ្លាឌីមៀ ពូទីនបាននិយាយនៅក្នុងសុន្ទរកថា នៅឯវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok ប្រទេសរុស្សីកាលពីថ្ងៃពុធថា ទំនិញភាគច្រើនដែលចេញពីអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងរវាងតួកគី និងអង្គការសហប្រជាជាតិជាមួយរុស្ស៊ី បានទៅសហភាពអឺរ៉ុប។ លោកបានបន្ថែមថា លក្ខខណ្ឌនៃការរៀបចំនេះ ប្រហែលជាត្រូវបានផ្លាស់ប្តូរ។

លោក ពូទីន បានធ្វើការកត់សម្គាល់ដោយយោង ទៅលើការរៀបចំដែលអនុញ្ញាតឱ្យ កប៉ាល់ស៊ីវិលចូល និងចាកចេញពីកំពង់ផែសមុទ្រខ្មៅ របស់អ៊ុយក្រែន ដើម្បីដឹកជញ្ជូនទំនិញគ្រាប់ធញ្ញជាតិ។ គ្រោងការណ៍នេះត្រូវបានដាក់ឱ្យ ដំណើរការនៅចុងខែកក្កដា ដោយប្រទេសតួកគី បានរៀបចំមជ្ឈមណ្ឌលដែល សម្របសម្រួលការដឹកជញ្ជូន។

មេដឹកនាំរុស្ស៊ីរូបនេះបានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះត្រូវបាន ចាត់ទុកថាជាមធ្យោបាយមួយ ដើម្បីទប់ស្កាត់ការកើនឡើង នៃតម្លៃសកល និងជួយប្រទេសដែលជួបការលំបាកបំផុត។ លោកបាននិយាយថា នៅក្នុងការអនុវត្តជាក់ស្តែង គ្រាប់ធញ្ញជាតិស្ទើរតែទាំងអស់ ដែលបានដឹកជញ្ជូនពីអ៊ុយក្រែនបាន ទៅប្រទេសអ្នកមាននៅក្នុង សហភាពអឺរ៉ុបទៅវិញ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top