ព័ត៌មានអន្តរជាតិ

បទវិភាគ៖ សហរដ្ឋអាមេរិក ញុះញង់ឱ្យបំផុស “បដិវត្តន៍ពណ៌” ដើម្បីបំផ្លាញសន្តិភាព និងស្ថិរភាព របស់ពិភពលោក

ក្នុងរយៈពេលជាយូរណាស់មកហើយ ដើម្បីគាំពារឋានៈអនុត្តរភាព របស់ខ្លួន សហរដ្ឋអាមេរិក បានបង្ខិតបង្ខំឱ្យប្រទេសដទៃ អនុវត្តតាមប្រព័ន្ធនយោបាយ និងគុណតម្លៃរបស់ខ្លួន ផ្សព្វផ្សាយការកែសម្រួល តាមបែបប្រជាធិបតេយ្យ ក៏ដូចជាញុះញង់ឱ្យបំផុស “បដិវត្តន៍ពណ៌” ក្នុងតំបន់ជាច្រើននៅលើពិភពលោក និងឧស្សាហ៏លូកដៃ និងធ្វើវិទ្ធង្សនារដ្ឋអំណាច នៃរដ្ឋាភិបាលស្របច្បាប់ នៃប្រទេសមានអធិបតេយ្យ តាមតែទំនើងចិត្ត ដែលបង្កជាផលវិបាក ដ៏មានលក្ខណៈគ្រោះមហន្តរាយ វាក្លាយជាអ្នកបំផ្លាញធំជាងគេ នៃសន្តិភាពនិងស្ថិរភាពរបស់ពិភពលោក ។

នាពេលថ្មីៗកន្លងទៅនេះ លោក John Robert Bolton ដែលធ្លាប់កាន់មុខតំណែង ជាឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិ របស់រដ្ឋាភិបាលលោកត្រាំ បានទទួលស្គាល់ ក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មាន អាមេរិកថា “លោកធ្លាប់ជួយគ្រោងផែនការ ដើម្បីបំផុសចលនារដ្ឋប្រហារ នៅប្រទេសដទៃ” ។ នេះមិនមែនជាលើកទី ១ ហើយដែលលោក John Robert Bolton បានចេញផ្សាយពាក្យសម្តីបែបនេះ ។

តាមការទម្លាយ របស់វេបសាយ នៃកាសែត «វ៉ាស៊ីនតោនប៉ុស្តិ៍» របស់អាមេរិកបានឱ្យដឹងថា នៅពេលមុននេះ លោក John Robert Bolton ធ្លាប់លើកឡើងថា ការគ្រោងផែនការបំផុសចលនា រដ្ឋប្រហារគឺជា “មធ្យោបាយដ៏ចាំបាច់សម្រាប់ជំរុញ ការឆក់យកផលប្រយោជន៍របស់ខ្លួន “។ ពិតមែនតែលោក John Robert Bolton មិនបានបញ្ជាក់ពី “ចលនារដ្ឋប្រហារ” ណាខ្លះដែលលោកបានធ្វើក៏ដោយ ក៏ប៉ុន្តែលោកបានលើកឡើង ពីរដ្ឋប្រហារ មិនបានសម្រេចនៅប្រទេសវ៉េណេស៊ុយអេឡា កាលពីឆ្នាំ ២០១៩ ។

ការនិយាយត្រង់ៗ របស់លោក John Robert Bolton បាននាំឱ្យមតិអន្តរជាតិភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសគឺប្រទេស និងតំបន់ដែលត្រូវរងការបំផ្លាញ ដោយបាតដៃខ្មៅ នយោបាយរបស់អាមេរិក មានភាពឈឺចាប់ក្នុងដួងចិត្ត ។
លោក Evo Morales អតីតប្រធានាធិបតីបូលីវី បានថ្កោលទោស តាមបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី ១៣ ខែកក្កដាថា ពាក្យសម្តីរបស់លោក John Robert Bolton ទាំងនេះបានបង្ហាញឱ្យឃើញថា អាមេរិកគឺជា “សត្រូវដ៏ធំបំផុតរបស់ប្រជាធិបតេយ្យ” ។

និយាយជារួម អាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀត គឺមានប្រវតិ្តសាស្រ្តខ្មៅងងឹត ជាយូរលង់ណាស់មកហើយ ។ កាលពីខែមិថុនា ឆ្នាំនេះ ប៉ុស្តិ៍ប្រវត្តិសាស្ត្រ របស់ប្រព័ន្ធសារព័ត៌មាន A&E អាមេរិកបានរៀបរាប់ ពីប្រតិបត្តិការជាច្រើនលើក របស់អាមេរិក ដែលចូលរួមចលនា រដ្ឋប្រហារនិងផ្តួលរំលំ រាជរដ្ឋាភិបាលបរទេស ក្នុងរយៈពេលជាងមួយ សតវត្សរ៍កន្លងមក ។ ឧទាហរណ៍ដូចជា កាលពីខែមករា ឆ្នាំ ១៨៩៣ មកម្ល៉េះ អាមេរិកបានញុះញង់ឱ្យ ជនជាតិអាមេរិក នៅព្រះរាជាណាចក្រហាវ៉ៃ ធ្វើរដ្ឋប្រហារ ហើយក៏បានចាត់បញ្ជូនកងទ័ព សម្រាប់ផ្តល់ការគាំទ្រ ដើម្បីផ្ដួលរំលំរដ្ឋអំណាច របស់ព្រះមហាក្សត្រី Liliuokalani ដែរ ។

សូមបញ្ជាក់ថា ទន្ទឹមនឹងបានលេបយកទឹកដី នៅបរទេសកាន់តែច្រើន សហរដ្ឋអាមេរិកបានចាប់ផ្តើមជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃជាញឹកញាប់ ។ តាមស្ថិតិមិនពេញលេញ បានឱ្យដឹងថា ចាប់តាំងពីចូលសតវត្សរ៍ទី ២០ មក អាមេរិកបានគ្រោងផែនការធ្វើចលនា រដ្ឋប្រហារ ដោយជោគជ័យឬមិនជោគជ័យ រាប់សិបលើក នៅអាមេរិកឡាទីន ។

លោក Lindsey A.O’Rourke សាស្រ្តាចារ្យរងនៃវិទ្យាស្ថានបូស្តុនអាមេរិក បានសរសេរក្នុងសៀវភៅរបស់ខ្លួន «ការផ្លាស់ប្តូររដ្ឋអំណាចដោយសម្ងាត់៖សង្រ្គាមត្រជាក់សម្ងាត់របស់សហរដ្ឋអាមេរិក» ថា ចាប់ពីឆ្នាំ ១៩៤៧ ដល់ឆ្នាំ ១៩៨៩ អាមេរិកបានអនុវត្តប្រតិបត្តិការ ផ្លាស់ប្តូររដ្ឋអំណាច ដោយសម្ងាត់សរុបចំនួន ៦៤លើក និងប្រតិបត្តិការ ជាសាធារណៈចំនួន ៦ លើក ។
“សហរដ្ឋអាមេរិកបានផ្តល់ជំនួយ ជាប្រាក់ហើយបានចូលរួម ប្រតិបត្តិការរដ្ឋប្រហារនិងប្រតិបត្តិការ ធ្វើវិទ្ធង្សនារដ្ឋអំណាច របស់រដ្ឋាភិបាលបរទេស ជាច្រើនលើក ហើយប្រតិបត្តិការទាំងនេះ អាចស្វែងរកប្រភព នៅដើមសតវត្សរ៍ទី ២០ “។

លោក Jonathan Myerson Katz អ្នកនិពន្ធសៀវភៅ «Gangsters of Capitalism»បានលើកឡើងថា លោក John Robert Bolton ខ្លួនឯងក៏បានចូលរួមសកម្មភាពរដ្ឋប្រហារ នៅប្រទេសនិងតំបន់ដូចជា នីការ៉ាហ្គា អ៊ីរ៉ាក់ និងហៃទីជាដើម ។

ក្រៅពីមធ្យោបាយយោធា រដ្ឋាភិបាលអាមេរិក ក៏ប៉ិនប្រសប់លេងសន្លឹកបៀ “បដិវត្តន៍ពណ៌” ផងដែរ ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ អាមេរិក(CIA)និងស្ថាប័នមួយចំនួនផ្សេងទៀត បាននិងកំពុងនាំចេញទស្សនៈតម្លៃ របស់អាមេរិក ទៅកាន់ប្រទេសនិងតំបន់ ដែលជាគោលដៅ តាមគ្រប់ទម្រង់ ដូចជាការផ្តល់ប្រាក់ទុនជាដើម ដើម្បីអនុវត្តសកម្មភាពបំផ្លិចបំផ្លាញ និងញុះញង់ឱ្យកើតមានអ្វី ដែលហៅថា “ចលនាប្រជាធិបតេយ្យ” ។

គួររំលឹកដែរថា ពីការគ្រោងផែនការផ្តួលរំលំរដ្ឋអំណាច របស់លោក Mohammad Mosaddegh មេដឹកនាំជាប់ឆ្នោត របស់អ៊ីរ៉ង់កាលពីឆ្នាំ ១៩៥៣ រហូតដល់រៀបចំគម្រោង នៃហេតុការណ៍ “BayofPigs” កាលពីឆ្នាំ ១៩៦១ ដើម្បីផ្តួលរំលំរដ្ឋាភិបាលគុយបា ដែលដឹកនាំ ដោយលោក Fidel Castro នៅពីក្រោយរាល់ភាពចលាចល ដែលកើតឡើងនៅលើពិភពលោក សុទ្ធតែមានស្រមោល របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ អាមេរិក(CIA) ។
ចំណែកឯមូលនិធិ ប្រជាធិបតេយ្យជាតិអាមេរិក ដែលត្រូវគេប្រៀបដូចជា “ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកទីពីរ” គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយហេតុការណ៍មួយចំនួនដូចជា “បដិវត្តន៍ផ្កាកុលាប” នៅហ្សកហ្ស៊ី “បដិវត្តន៍ពណ៌ទឹកក្រូច” នៅអ៊ុយក្រែន ព្រមនិងសកម្មភាព “និទាឃរដូវអារ៉ាប់” ជាដើម អាមេរិកគឺជា “អ្នកទោស” ដែលតែងតែបង្កភាពចលាចល នៅប្រទេសដទៃទៀត ។

បច្ចុប្បន្ននេះ អ្នកផងកាន់តែច្រើនឡើង បានមើលឃើញច្បាស់ នូវគោលបំណង និងវិធីសាស្ត្រនៃបដិវត្តន៍ពណ៌ ប៉ុន្តែដោយសារជាធម្មតា វាមិនពាក់ព័ន្ធនឹងបដិបក្ខគ្នាផ្នែកយោធាទេ ដូច្នេះអ្នកផងទាំងពួង តែងតែវាយតម្លៃទាប ចំពោះផលវិបាករបស់វា ។ ដើមឡើយវាច្បាស់ណាស់ អាចនិយាយបានថា បដិវត្តន៍ពណ៌ក៏ក៏ជាទម្រង់សង្គ្រាម មួយដែរ វាជាចំណែកដ៏សំខាន់មួយនៃ "សង្គ្រាមចម្រុះ" របស់អាមេរិក ។ ដោយឡែក បន្ទាប់ពីសង្គ្រាមត្រជាក់ សង្គ្រាមចម្រុះបានក្លាយជា វិធីសាស្ត្រដ៏សំខាន់ របស់អាមេរិក ក្នុងការរក្សាបាននូវឋានៈ អនុត្តរភាព និងសម្រេចបាន នូវការត្រួតត្រាជាសកល។

បន្ទាប់ពីសង្គ្រាមត្រជាក់ ខណៈពេលធ្វើការជ្រៀតជ្រែក នៅពិភពខាងក្រៅ អាមេរិកកាន់តែធ្វើទាំងផ្គើន ទាំងបំពាន អាមេរិកបានធ្វើ “សង្គ្រាមចម្រុះ” ដោយគ្រប់ជ្រុងជ្រោយ និងវិស័យជាច្រើន តាមរយៈវិធីកាន់តែសម្ងាត់ ជាងមុន ពោលគឺ៖ ប្រើប្រាស់ទម្រង់ គ្រប់បែបយ៉ាងដែលមានលក្ខណៈ កាន់តែសម្ងាត់ កាន់តែមានភាពបោកបញ្ឆោត និងលក្ខណៈគ្រោះថ្នាក់ ដូចជាធ្វើសង្គ្រាមស៊ើបការណ៍ សង្គ្រាមនយោបាយ សង្គ្រាមការទូតសង្គ្រាមសេដ្ឋកិច្ច និងពាណិជ្ជកម្ម សង្គ្រាមហិរញ្ញវត្ថុ សង្គ្រាមបច្ចេកវិទ្យា សង្គ្រាមបណ្តាញអ៊ីនធឺណែត សង្គ្រាមច្បាប់និងសង្គ្រាម ផ្លូវចិត្ត ជាដើមដើម្បីសម្រេចបាន នូវគោលបំណងរបស់ខ្លួន ដូចជាវាយប្រហារ គូប្រជែងអន្តរជាតិ បង្កភាពចលាចល នៅសង្គមប្រទេសដទៃ ផ្តួលរលំរដ្ឋអំណាចប្រទេសដទៃ និងឆក់យកផលប្រយោជន៍ នយោបាយនិងសេដ្ឋកិច្ច ។

បើក្រឡេកមើលពីសង្គ្រាម ចម្រុះអាចឃើញថា ក្នុងរយៈពេលពាក់កណ្តាល សតវត្សរ៍ កន្លងទៅ អាចនិយាយបានថា អាមេរិកបញ្ចេញស្នៀត នៅគ្រប់ទីកន្លែង ក្នុងរាល់ការប៉ះទង្គិច ភាពច្របូលច្របល់ ភាពភ័យខ្លាច និងវិបត្តិគ្រប់បែបយ៉ាង ដែលកើតនៅក្របខណ្ឌ ទូទាំងពិភលោក សុទ្ធតែអាចឃើញវត្តមាន របស់អាមេរិកទាំងអស់ ។ យោងតាមស្ថិតិ របស់សមាគមសិក្សាស្រាវជ្រាវ អំពីសិទ្ធិមនុស្ស នៃប្រទេសចិនបានឱ្យដឹងថា ពីពេលបញ្ចប់សង្គ្រាមលោកលើកទីពីរ ដល់ឆ្នាំ ២០០១ ក្នុងចំណោមការ ប៉ះទង្គិច ដោយប្រដាប់អាវុធចំនួន ២៤៨ លើកដែលកើតនៅតំបន់ចំនួន ១៥៣ នៅលើពិភពលោក អាមេរិកបានបំផុសឡើង ២០១ លើក ត្រូវជា ៨១ ភាគរយនៃចំនួនសរុប ។

ការប្រព្រត្តិទង្វើ អយុត្តិធម៌ច្រើនពេក ពិតជានឹងនាំមកនូវក្ដីអន្តរាយដល់ខ្លួនឯង ។ សង្គ្រាមចម្រុះបានជួយអាមេរិក បង្ក្រាបគូប្រជែង ប៉ុន្តែព្រមពេលជាមួយគ្នានេះ ក៏បានធ្វើឱ្យប៉ះពាល់ ដល់មូលដ្ឋានគ្រឹះអនុត្តរភាព របស់អាមេរិកជាសន្សឹមៗ ។ វាអាចនាំមកនូវផលប្រយោជន៍ ក្នុងរយៈពេលដ៏ខ្លីដល់ច្រើនប៉ុណ្ណា ផលវិបាកចំពោះអាមេរិក ក្នុងរយៈពេលយូរក៏កាន់តែធ្ងន់ធ្ងរ ប៉ុណ្ណឹង ។

-ទីមួយ សង្គ្រាមចម្រុះបានកាត់កម្សោយ កិត្យានុភាពអន្តរជាតិ របស់អាមេរិក ហើយក៏កាន់តែបង្ហាញឱ្យឃើញ ច្បាស់នូវការគ្មានជំនឿចិត្ត របស់អាមេរិកដែលមានភាពរឹតតែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។
-ទីពីរ សង្គ្រាមចម្រុះធ្វើឱ្យ អាមេរិក ចងគំនុំនៅគ្រប់ទីកន្លែង ក៏ធ្វើឱ្យសម័្ពន្ធមិត្ត របស់អាមេរិកខកចិត្ត និងបាត់បង់ទំនុកចិត្ត ។
-ទីបី សង្គ្រាមចម្រុះបានធ្វើឱ្យ ប្រសូតឡើង នូវភេរវនិយម នៅទូទាំងពិភពលោក ធ្វើឱ្យការប៉ះទង្គិចអរិយធម៌ នៅទូទាំងពិភពលោក មានសភាពធ្ងន់ធ្ងរទៅៗ ហើយអាមេរិក មុខជានឹងរងផលវិបាក តបតវិញយ៉ាងធ្ងន់ធ្ងរ ជាក់ជាមិនខាន ។

ការពិតជាក់ស្តែង បានបង្ហាញម្តងហើយម្តងទៀតថា គប់ភ្លើងរបស់រូបសំណាកសេរីភាព(Statue of Liberty)មិនបានបញ្ជូនពន្លឺនៃក្តីសង្ឃឹមដែលមានប្រជាធិបតេយ្យភាពនិងសេរីភាពនោះទេ បែរជាបានបញ្ឆេះភ្លើង នៃឋាននរគដែលធ្លាក់ក្នុង ភាពចលាចល បែកបាក់គ្នានិងប្រជាជនមានជីវភាព ក្រីក្រនិងអសុវត្ថិភាព ។ និយាយជារួម សហរដ្ឋអាមេរិក បាននិងកំពុងគោរព “ច្បាប់ព្រៃ” ហើយបាន និងកំពុងអនុវត្តតាមតក្កវិជ្ជា អនុត្តរភាព ។

ប្រសិនបើនិយាយថា សហរដ្ឋអាមេរិក ជាប្រភពនៃភាពចលាចល នៅលើពិភពលោក នោះ អ្នកនយោបាយអាមេរិក ដូចជា លោក John Robert Bolton ជាដើមក៏ជា “អ្នកបញ្ជាផ្ទាល់” ដែលបង្កើតនិងនាំចេញ ភាពវឹកវរ ទៅកាន់ពិភពខាងក្រៅ ។
អ្នកនយោបាយអាមេរិក ដែលដៃទាំងពីរប្រឡាក់ ដោយឈាមស្រស់របស់ប្រជាជន ប្រទេសដទៃទាំងនេះចាំបាច់ត្រូវ ទទួលការស៊ើបអង្កេតនិងជំនុំជម្រះ ពីសំណាក់ស្ថាប័នពាក់ព័ន្ធ នៃអង្គការសហប្រជាជាតិ ហើយត្រូវផ្តន្ទាទោស តាមនីតិវិធីច្បាប់ ! អ្វីដែលពួកគេតែងតែអួតអាងថា “បទពិសោធន៍” គឺជាភស្តុតាងជាក់ស្តែង ដែលមិនអាចប្រកែកបាន !

(អត្ថបទដោយ វិទ្យុមិត្តភាពកម្ពុជាចិន)

To Top