ព័ត៌មានអន្តរជាតិ

កូសូវ៉ូ​​ ត្រៀមដាក់ពាក្យស្នើសុំ​ ចូលជាសមាជិកអឺរ៉ុប

បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃតំបន់កូសូវ៉ូ ដែលជាខេត្តផ្តាច់ខ្លួន ពីប្រទេសស៊ែប៊ី នោះកាលពីថ្ងៃពុធម្សិលមិញ បានថ្លែងប្រាប់ទៅកាន់បណ្តា ក្រុមអ្នកសារព័ត៌មានថា កូសូវ៉ូនឹងធ្វើការផ្ញើលិខិតជាផ្លូវការមួយ ទៅកាន់សហភាពអឺរ៉ុប ក្នុងការស្នើសុំជាសមាជិកពេញសិទ្ធ នៅត្រឹមដំណាច់ឆ្នាំ២០២២នេះ។

រដ្ឋមន្ត្រីការបរទេសលោកស្រី Gervalla-Schwarz បានប្រាប់ទៅកាន់សារព័ត៌មាន KlanKosova បានបញ្ជាក់បែបនេះថា៖ ពួកយើងនឹងធ្វើការដាក់ពាក្យស្នើសុំ នៅក្នុងឆ្នាំនេះ ហើយយើងបានធ្វើការរៀបរាប់ប្រាប់ ទៅកាន់ដៃគូជាអន្តរជាតិរបស់យើងរួចរាល់ហើយ ដែរអំពីគោលបំណង នៃការដាក់ពាក្យក្នុងឆ្នាំនេះ។

លោកស្រីGervalla-Schwarz បានចង្អុលបង្ហាញទៀតដែរថា មកដល់ពេលនេះពលរដ្ឋ ក្នុងតំបន់កូសូវ៉ូទាំងអស់ យ៉ាងហោចណាស់៩០ភាគរយ គឺពេញចិត្តក្នុងការក្លាយខ្លួន ទៅជាសមាជីករបស់អឺរ៉ុប និងណាតូផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top