ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីតួកគី ថ្លែងថា រុស្ស៊ី និងអ៊ុយក្រែន យល់ព្រមផ្លាស់ប្តូរអ្នកទោស ២០០នាក់

អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានប្រាប់ដល់ទូរទស្សន៍អាមេរិកថា រុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមផ្លាស់ប្តូរ អ្នកទោសចំនួន ២០០នាក់ នៅក្នុងការដោះដូរដ៏ធំបំផុតមួយ នៃសង្រ្គាមរយៈពេល៧ខែ ។

លោក Erdogan បានធ្វើសេចក្តីប្រកាសនេះ បន្ទាប់ពីកិច្ចពិភាក្សាកាលពីសប្តាហ៍មុន ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្រៅកិច្ចប្រជុំកំពូលក្នុងតំបន់មួយ ក្នុងប្រទេសអ៊ូសបេគីស្ថាន ។

លោក Erdogan មិនបានផ្តល់ព័ត៌មានលម្អិត ពេញលេញអំពីការផ្លាស់ប្តូរនោះទេ ដោយបានហៅមនុស្ស ដែលត្រូវបានផ្លាស់ប្តូរថា ជា “ចំណាប់ខ្មាំង” ហើយមិនបានលើកឡើងថា មានចំនួនប៉ុន្មានពីភាគីនីមួយៗឡើយ ។

លោក Erdogan បានប្រាប់ដល់ទូរទស្សន៍ PBS កាលពីយប់ថ្ងៃចន្ទថា “ចំណាប់ខ្មាំង ២០០នាក់ នឹងត្រូវបានផ្លាស់ប្តូរតាម ការព្រមព្រៀងរវាងភាគី ។ ខ្ញុំគិតថា ជំហានដ៏សំខាន់មួយនឹង ត្រូវបានដំណើរការទៅមុខ” ។

សមាជិកអង្គការ NATO តួកគី បានព្យាយាមរក្សាអព្យាក្រឹតភាពក្នុងជម្លោះ ដោយផ្គត់ផ្គង់យន្តហោះគ្មានមនុស្ស បើកសម្រាប់ការប្រយុទ្ធដល់ទីក្រុងគៀវ និងគេចចេញពីការដាក់ទណ្ឌកម្ម ដឹកនាំដោយលោកខាងលិច ប្រឆាំងនឹងទីក្រុងម៉ូស្គូ ។

លោក Erdogan បានលើកឡើងថា គាត់មាន “ចំណាប់អារម្មណ៍” ដែលថា លោក ពូទីន មានឆន្ទៈក្នុងការបញ្ចប់សង្រ្គាម ។

លោក Erdogan បានថ្លែងថា “យើងមានការពិភាក្សាយ៉ាងទូលំទូលាយ ហើយគាត់ពិតជាបង្ហាញខ្ញុំថា គាត់មានឆន្ទៈក្នុងការបញ្ចប់រឿងនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top