ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន ព្រមានពីភាព មិនប្រក្រតី ជាសកល ចំពេលមានសង្គ្រាម របស់រុស្ស៊ី លើអ៊ុយក្រែន

យូអិន ៖ អគ្គលេខាធិការ អង្គការ សហប្រជាជាតិលោក Antonio Guterres បានព្រមានថា “ភាពមិនដំណើរការ ជាសកល” កំពុងរារាំងដល់ កិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកការ ដោះស្រាយបញ្ហា អសន្តិសុខស្បៀងអាហារ និងបម្រែបម្រួល អាកាសធាតុ ខណៈដែលមេដឹកនាំពិភពលោក បានប្រមូលផ្តុំគ្នា ដើម្បីថ្លែងទៅកាន់អង្គការ សហប្រជាជាតិ ចំពេលមានភាពតានតឹងជុំវិញ សង្គ្រាមរុស្ស៊ីលើអ៊ុយក្រែន។

លោក Guterres បានលើកឡើងថា “ពិភពលោករបស់យើង ស្ថិតនៅក្នុងគ្រោះថ្នាក់ ហើយខ្វិនដើរទៅមុខមិនរួច” ដោយបន្ថែមថា ការបែងចែកភូមិសាស្ត្រនយោបាយ កំពុងធ្វើឱ្យខូចដល់ការងារ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ និង “គ្រប់ទម្រង់ នៃកិច្ចសហប្រតិបត្តិការ អន្តរជាតិ”។

ប្រធានអង្គការសហប្រជាជាតិរូបនេះបានបន្ដថា “ប៉ុន្តែការពិត គឺថាយើងរស់នៅក្នុងពិភពលោកដែលតក្កវិជ្ជានៃកិច្ចសហប្រតិបត្តិការ និងការសន្ទនា គឺជាផ្លូវតែមួយគត់ឆ្ពោះទៅមុខ” ។ “គ្មានបញ្ហាប្រឈមសកលណាមួយអាចដោះស្រាយបានដោយក្រុមចម្រុះដែលមានឆន្ទៈ។ យើងត្រូវការភាពចម្រុះនៃពិភពលោក”។

សម័យប្រជុំពិភាក្សាទូទៅប្រចាំឆ្នាំ របស់អង្គការសហប្រជាជាតិ បានចាប់ផ្ដើមកាលពីថ្ងៃអង្គារ ដោយមានការប្រេះឆា យ៉ាងជ្រៅ រវាងប្រទេសដូចជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលបានថ្កោលទោសរុស្ស៊ី ចំពោះការឈ្លានពានរបស់ ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។

សង្រ្គាមដែលបាន ចាប់ផ្តើមកាលពីខែកុម្ភៈ បាននាំឱ្យលោកខាងលិចដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើប្រទេសរុស្ស៊ី ចំពេលអស្ថិរភាព ដែលត្រូវបានគេមើលឃើញថា កំពុងជំរុញឱ្យតម្លៃអាហារ និងថាមពលកើនឡើង។

លោក Guterres បានទទួលស្គាល់ថា សង្រ្គាមបានបញ្ចេញ “ការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយជាមួយនឹងការរំលោភសិទ្ធិមនុស្សដ៏ធំ” ហើយបានហៅវាថា “គួរឱ្យព្រួយបារម្ភជាខ្លាំង” នូវរបាយការណ៍ថ្មីៗ អំពីកន្លែងផ្នូរដ៏ធំមួយនៅទីក្រុង Izium របស់អ៊ុយក្រែន បន្ទាប់ពីតំបន់នេះត្រូវបាន រំដោះចេញពីការគ្រប់គ្រងរបស់រុស្ស៊ី ៕

To Top