ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីស្រាអែល និងតួកគី ជួបគ្នាជាលើកដំបូង ចាប់តាំងពីឆ្នាំ២០០៨

យេរ៉ូសាឡឹម៖ ការិយាល័យរបស់លោក Lapid បានប្រកាសថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ ដោយធ្វើការពិភាក្សាទល់មុខគ្នា ជាលើកដំបូងរវាងមេដឹកនាំនៃ ប្រទេសទាំងពីរចាប់តាំងពីឆ្នាំ២០០៨ ។

ការិយាល័យរបស់លោក Lapid បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានជួបគ្នានៅទីក្រុងញូវយ៉ក នៅខាងក្រៅសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្នុងអំឡុងកិច្ចប្រជុំនេះ ពួកគេបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ប្រឆាំងភេរវកម្មនៅក្នុងប្រទេសអ៊ីស្រាអែល និងកន្លែងផ្សេងទៀត ក៏ដូចជា “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងថាមពល និងការអភិវឌ្ឍន៍ក្នុងតំបន់” ។

ដោយសង្កត់ធ្ងន់លើការស្ដារ ជើងហោះហើររបស់អ៊ីស្រាអែល ទៅកាន់តួកគី លោក Lapid បានលើកឡើងថា អ៊ីស្រាអែលនឹង “រួមចំណែកយ៉ាងធំធេងក្នុងការ ពង្រឹងវិស័យទេសចរណ៍ រវាងប្រជាជាតិនានា”។

គួរបញ្ជាក់ថា កាលពីខែសីហា ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាក្នុងការស្តារឡើងវិញ នូវទំនាក់ទំនងការទូតពេញលេញ និងបញ្ជូនឯកអគ្គរដ្ឋទូត និងអគ្គកុងស៊ុល ទៅកាន់ប្រទេសទៅវិញទៅមក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top