ព័ត៌មានអន្តរជាតិ

មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង ព្រមព្រៀងស្តារទំនាក់ទំនងល្អឡើងវិញ និងគូសបញ្ជាក់បីបញ្ហា កូរ៉េខាងជើង

តូក្យូ៖ មេដឹកនាំនៃប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នា កាលពីថ្ងៃពុធថា ប្រទេសទាំងពីរចាំបាច់ត្រូវស្តារឡើងវិញ នូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ នេះបើយោងទៅតាមរដ្ឋាភិបាល របស់ប្រទេសជប៉ុន ចំពេលមានការរំពឹងទុក សម្រាប់ភាពប្រសើរឡើងនៃទំនាក់ទំនង ដែលបែកបាក់ជុំវិញបញ្ហាការងារ ក្នុងសម័យសង្គ្រាម និងបញ្ហាទឹកដី។

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ក៏បានចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយបានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ របស់ពួកគេបន្ថែមទៀត ដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង។

រដ្ឋាភិបាលទាំងពីរបានឲ្យដឹងថា លោក Kishida និង លោក Yoon ក៏បានយល់ព្រមបន្តការប្រាស្រ័យទាក់ទងគ្នា និងការពន្លឿនកិច្ចសន្ទនា ដែលពាក់ព័ន្ធនឹងអ្នកការទូតជាន់ខ្ពស់ នៃប្រទេសទាំងពីរក្នុងអំឡុងពេល កិច្ចពិភាក្សារយៈពេល ៣០ នាទី ដែលធ្វើឡើងនៅទីក្រុងញូវយ៉ក លើជ្រុងមួយនៃមហាសន្និបាតប្រចាំឆ្នាំ របស់អង្គការសហប្រជាជាតិ។

មេដឹកនាំទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រីភាគីដែលពាក់ព័ន្ធនឹង សហរដ្ឋអាមេរិកផងដែរ ចាប់តាំងពី “ប្រទេសជប៉ុន និងកូរ៉េខាងត្បូង គឺជាអ្នកជិតខាងដ៏សំខាន់ សម្រាប់គ្នាទៅវិញទៅមក ក្រោមបរិយាកាសយុទ្ធសាស្ត្របច្ចុប្បន្ន” នេះបើយោងតាមក្រសួងការបរទេសជប៉ុន។

ចំណាត់ការចុងក្រោយនេះ បានកើតឡើងពីរថ្ងៃបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi និងសមភាគីកូរ៉េខាងត្បូង Park Jin បានជួបប្រជុំគ្នានៅទីក្រុងញូវយ៉ក ហើយបានព្រមព្រៀងថា ប្រទេសទាំងពីរនឹងបន្តការពិភាក្សា ឆ្ពោះទៅរកដំណោះស្រាយដំបូង នៃបញ្ហាសំណងពលកម្មក្នុងសម័យសង្គ្រាម។

លោក Yoon បានក្លាយជាមេដឹកនាំកូរ៉េខាងត្បូង កាលពីខែឧសភាជាមួយនឹងការសន្យាថា នឹងចាត់វិធានការតម្រង់ ទិសនាពេលអនាគតឆ្ពោះទៅកាន់ទីក្រុងតូក្យូ បន្ទាប់ពីទំនាក់ទំនងទ្វេភាគី បានធ្លាក់ចុះដល់ចំណុចទាបបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្នុងអំឡុងការគ្រប់គ្រង របស់ប្រធានាធិបតីមុនលោក មូន ជេអ៊ីន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top