ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះអាមេរិក ធ្វើទស្សនកិច្ច ដ៏កម្រចាកចេញពីសមុទ្រចិនខាងត្បូង

បរទេស៖ នាវាដឹកយន្តហោះរបស់អាមេរិក USS Ronald Reagan បានមកដល់កំពង់ផែ Busan របស់កូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ មុនពេលសមយុទ្ធយោធារួមគ្នា លើកដំបូងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះចាប់តាំងពីឆ្នាំ ២០១៧ ។ មុនពេលមកដល់ នាវាដំណើរការ ដោយថាមពលនុយក្លេអ៊ែរនេះ បានចំណាយពេលរដូវក្តៅ នៅក្នុងសមុទ្រចិនខាងត្បូង ចំពេលមានភាពតានតឹងជាមួយចិនជុំវិញកោះតៃវ៉ាន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ការមកដល់ជាមួយនឹងនាវាពីរផ្សេងទៀតពីក្រុមនាវាវាយប្រហារ ផ្ទុកយន្តហោះ Ronald Reagan នឹងធ្វើជាម្ចាស់ផ្ទះ ទទួលភ្ញៀវឥស្សរជនអាមេរិក និងកូរ៉េខាងត្បូង ពេលចូលចតនៅទីក្រុងប៊ូសាន មុនពេលចាកចេញពីកំពង់ផែនៅប៉ុន្មានថ្ងៃខាងមុខ សម្រាប់សមយុទ្ធ។

ទោះបីជាកងទ័ពជើងទឹកអាមេរិក មិនបាននិយាយអំពីប្រទេសកូរ៉េខាងជើង នៅក្នុងសេចក្តីថ្លែងការណ៍ ដែលប្រកាសពីដំណើររបស់នាវាផ្ទុកយន្តហោះក៏ដោយ មេបញ្ជាការក្រុមវាយប្រហារគឺ ឧត្តមនាវីឯក Michael Donnelly បានប្រាប់អ្នកសារព័ត៌មានថា សមយុទ្ធនេះបង្ហាញថា កងទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូង “អាចធ្វើអន្តរកម្ម និងរួមបញ្ចូលដើម្បីប្រឈមមុខនឹងបញ្ហាណាមួយ ឬការគំរាមកំហែងណាមួយ”៕ ប្រែសម្រួលៈ ណៃ តុលា 

To Top