ព័ត៌មានអន្តរជាតិ

លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិន ជួបពិភាក្សាជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក

កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាជាមួយ លោកBlinken រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នៅឯគេហដ្ឋាននៃគណៈប្រតិភូអចិន្ត្រៃយ៍ របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ ។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា បច្ចុប្បន្ន ទំនាក់ទំនងចិន-អាមេរិក បាននិងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងក្លា ហើយភាគីអាមេរិក ត្រូវក្រេបយកមេរៀនពីរឿងនេះ។

លោក Wang Yi បានសង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិន។ គោលជំហររបស់ចិនក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់ គឺមិនកែប្រែរហូត និងច្បាស់លាស់ ហើយនឹងបន្តប្រកាន់ខ្ជាប់ នូវគោលនយោបាយមូលដ្ឋានស្តីពី”ការបង្រួបបង្រួមជាតិដោយសន្តិវិធី និងប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”។

លោក Wang Yi បានសង្កត់ធ្ងន់ទៀតថា ប្រទេសចិននិងសហរដ្ឋអាមេរិក មានផលប្រយោជន៍រួម ហើយក៏មានការខ្វែងគំនិតយ៉ាងជ្រាលជ្រៅផងដែរ ចំណុចនេះនឹងមិនផ្លាស់ប្តូរឡើយ ។ លោកសង្ឃឹមថា សហរដ្ឋអាមេរិក អាចកែតម្រូវការយល់ដឹងរបស់ខ្លួន អំពីប្រទេសចិន គិតពិចារណាពីកំហុសខ្លួនឡើងវិញ និងផ្លាស់ប្តូរគោលនយោបាយ ចំពោះប្រទេសចិនដែលផ្តោតលើការទប់ស្កាត់ និងគាបសង្កត់ កុំគិតតែរារាំងដល់ការអភិវឌ្ឍរបស់ប្រទេសចិន កុំតែងតែធ្វើអនុត្តរភាពដោយឯកតោភាគី ។

ជាការឆ្លើយតប លោក Blinken បានថ្លែងថា បច្ចុប្បន្ន ទំនាក់ទំនងរវាងអាមេរិកនិងចិន កំពុងស្ថិតក្នុងដំណាក់កាលដ៏លំបាក ការជំរុញទំនាក់ទំនងទ្វេភាគី ឱ្យវិលទៅរកស្ថិរភាពវិញវាសមស្របនឹងផលប្រយោជន៍ របស់ភាគីទាំងពីរ ។ ភាគីអាមេរិកមានឆន្ទៈធ្វើកិច្ចសន្ទនាដោយស្មោះត្រង់ជាមួយភាគីចិន ជៀសវាងការយល់ច្រឡំ និងការវិនិច្ឆ័យខុស ស្វែងរកផ្លូវត្រឹមត្រូវដើម្បីដើរទៅមុខ ។ លោក Blinken បានរំលឹកជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកមិនស្វែងរក “សង្រ្គាមត្រជាក់ថ្មី” ទេ ហើយមិនផ្លាស់ប្តូរ គោលនយោបាយចិនតែមួយ និងមិនគាំទ្រ”ឯករាជ្យភាពតៃវ៉ាន់” នោះទេ។

សូមបញ្ជាក់ថា ភាគីទាំងពីរសម្គាល់ថា កិច្ចជួបពិភាក្សាលើកនេះប្រកបដោយភាពស្មោះត្រង់ លក្ខណៈស្ថាបនា និងមានសារសំខាន់ ហើយភាគីទាំងពីរ បានឯកភាពគ្នាថា នឹងបន្តរក្សាការប្រាស្រ័យទាក់ទងគ្នា ៕

To Top