ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសចិនប្រើពាក្យ អាមេរិកត្រូវតែផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួន ចំពោះប្រទេសចិន

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយសមភាគីអាមេរិកលោក Antony Blinken នៅទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកត្រូវតែផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួនចំពោះប្រទេសចិន ដើម្បីឱ្យមហាអំណាចទាំងពីរអាចចុះសម្រុងគ្នានៅលើឆាកពិភពលោក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនថា លោក Wang បានប្រាប់លោក Blinken ថា “ទំនាក់ទំនងចិន-អាមេរិក ស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ ហើយវាជារឿងបន្ទាន់សម្រាប់ភាគីទាំងពីរក្នុងការបង្កើតវិធីត្រឹមត្រូវមួយសម្រាប់ប្រទេសធំៗទាំងពីរក្នុងការចុះសម្រុងគ្នាក្នុងអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវចំពោះពិភពលោក”។

លោក Wang បានបន្ថែមថា តាមរយៈការសន្យាការពារកោះតៃវ៉ាន់ ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើឱ្យខូចអធិបតេយ្យភាពរបស់ប្រទេសចិន និង “បញ្ជូនសញ្ញាខុស និងគ្រោះថ្នាក់ខ្លាំង” ។

សូមជម្រាបថា ប្រទេសចិនចាត់ទុកកោះដែលគ្រប់គ្រងដោយខ្លួនឯងជាទឹកដីរបស់ខ្លួន និងប្រឆាំងគ្រប់ទម្រង់នៃជំនួយការទូត និងយោធាបរទេសដល់ទីក្រុងតៃប៉ិ។ លោក Wang បាននិយាយថា “បញ្ហាកោះតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយសហរដ្ឋអាមេរិកមិនមានសិទ្ធិជ្រៀតជ្រែកឡើយ”៕

ប្រែសម្រួល៖ ណៃ តុលា

To Top