បរទេស៖ គណៈកម្មាធិការ ស៊ើបអង្កេតរបស់រុស្សី បាននិយាយថា មនុស្ស៩នាក់បានស្លាប់ និងជាច្រើននាក់ទៀត រងរបួស ខណៈដែលការបាញ់ប្រហារ បានកើតឡើងនៅសាលារៀនមួយក្នុងទីក្រុង Izhevsk ក្នុងតំបន់ Urals របស់ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់ប៉ូលិសថា សាកសពរបស់ជន ជាអ្នកវាយប្រហារដែលទំនងជាស្លាប់ដោយការធ្វើអត្តឃាត ត្រូវបានប៉ូលិសរកឃើញ។
យោងតាមអភិបាលរដ្ឋ Udmurtia លោក Aleksandr Berchalov បានឱ្យដឹងថា ជនរងគ្រោះម្នាក់ត្រូវបានគេកំណត់អត្តសញ្ញាណថា ជាសន្តិសុខរបស់សាលា។ គាត់បានប្រាប់អ្នកកាសែតថា “សោកនាដកម្មមួយបានកើតឡើងនៅ Udmurtia ថ្ងៃនេះ” ។
បើតាមក្រសួងអប់រំ គឺថា សាលាលេខ ៨៨ ដែលការបាញ់ប្រហារបានកើតឡើង ត្រូវបានជម្លៀសចេញ ។
វីដេអូពីកន្លែងកើតហេតុ បានបង្ហាញឱ្យឃើញ សិស្សានុសិស្ស និងគ្រូបង្រៀនកំពុងរត់ចេញពីអគារ ក៏ដូចជាជនរងគ្រោះត្រូវបានគេដឹកទៅកាន់ រថយន្តសង្គ្រោះបន្ទាន់៕ ប្រែសម្រួល៖ ណៃ តុលា