អង់ការ៉ា ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្តេជ្ញាថា នឹងប្រើគ្រប់មធ្យោបាយ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់តួកគី ប្រឆាំងនឹងប្រទេសក្រិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Erdogan បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “យើងនឹងមិនខកខាន ក្នុងការប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ របស់ប្រទេសរបស់យើង ប្រឆាំងនឹងប្រទេសក្រិក នៅពេលដែលចាំបាច់នោះទេ” ។
ការលើកឡើង របស់លោកបានធ្វើឡើង ចំពេលមានការកើនឡើង នៃភាពតានតឹងនាពេលថ្មីៗនេះ រវាងប្រទេសជិតខាងពីរជុំវិញ ជម្លោះរបស់ពួកគេ នៅក្នុងសមុទ្រ Aegean ។
លោកបានចោទប្រកាន់ទីក្រុងអាថែនថា បានបង្កើតគោលនយោបាយ ដោយផ្អែកលើ “សកម្មភាពបង្កហេតុ” ហើយបានស្នើថា ក្រិកកំពុងត្រូវបាន “អូសចូលទៅក្នុងវាលភក់ជាមួយ នឹងការកសាងយោធា” ។ លោក Erdogan បាន លើកឡើងថា នេះជាល្បែង ដ៏គ្រោះថ្នាក់ សម្រាប់ទាំង អ្នកនយោបាយ ក្រិក រដ្ឋក្រិក ប្រជាជនក្រិក ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពតានតឹងជាយូរណាស់ មកហើយជុំវិញបញ្ហាជាបន្តបន្ទាប់ រួមទាំងជម្លោះទឹកដី និងថាមពលនៅសមុទ្រ Aegean និងសមុទ្រមេឌីទែរ៉ាណេ ៕
ប្រែសម្រួល ឈូក បូរ៉ា